ចិនបញ្ចេញប្រព័ន្ធការពារដែនអាកាសប្រឆាំងអាវុធលឿនជាងសំឡេង និងការគំរាមពីនុយក្លេអ៊ែ

ប៉េកាំង ៖ បន្ទាប់ពីការសាកល្បងចាយពេលអស់ ១៤ឆ្នាំ នៅទីបំផុតប្រទេសចិនក្រោមការដឹកនាំរបស់ប្រមុខរដ្ឋ ស៊ី ជីងពីង បានបញ្ចេញរូបរាងប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើប Hongqi-19 ឬ HQ-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post។

ប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងរបស់ប្រទេសចិន មានឈ្មោះថា Hongqi-19 ឬ HQ-19 បើតាមសេចក្តីរាយការណ៍ អាចមានសមត្ថភាពការពារ និងស្ទាក់ចាប់អាវុធល្បឿនលឿនជាសំឡេង ក៏ដូចជាការគំរាមកំហែងនុយក្លេអ៊ែរតាមផ្លូវអាកាស ដោយអ្នកជំនាញរំពឹងថា វានឹងក្លាយជាគូប្រជែងដែលខ្លាំងក្លាជាងប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD របស់កងទ័ពអាមេរិក។

ប្រព័ន្ធ HQ-19 ដែលគេដាក់រហ័សនាមថា ជា Red Flag-19 ត្រូវបានអ្នកជំនាញសរសើរថា ជាគូប្រជែងដ៏ខ្លាំងក្លា និងមានសក្តានុពលជាង បើធៀបនឹងប្រព័ន្ធការពារមីស៊ីល Terminal High Altitude Area Defense ហៅកាត់ THAAD របស់កងទ័ពអាមេរិក ដែលត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។

ប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងថ្មីរបស់ចិននេះ ត្រូវបានរំពឹងថា នឹងក្លាយជាសព្វាវុធដ៏មានសារៈសំខាន់ សម្រាប់ការការពារទឹកដីរបស់ប្រទេសចិន ពីការវាយប្រហារក្នុងរយៈកម្ពស់ខ្ពស់ ប្រឆាំងនឹងមីស៊ីលផ្លោងគ្រាប់ប្រភេទ ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

នេះជាអ្វីដែលសារព័ត៌មាន South China Morning Post បានដឹងអំពីប្រព័ន្ធ HQ-19 ដែលធ្លាប់ត្រូវបានដាក់តាំងបង្ហាញលើកដំបូងនៅក្នុងកម្មវិធីពិព័រណ៌ Zhuhai air show ក្នុងខែវិច្ឆិកា ឆ្នាំមុន និងសមត្ថភាពដែលវាអាចខ្លាំងជាងប្រព័ន្ធ THAAD របស់អាមេរិក។

HQ-19 គឺជាប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស ដែលផលិតឡើង ដើម្បីស្ទាក់ចាប់មីស៊ីលផ្លោង និងយានល្បឿនលឿនជាងសំឡេង។ បច្ចុប្បន្នប្រព័ន្ធការពារដែនអាកាសនេះ មានប្រើតែនៅក្នុងជួរកងទ័ពចិនប៉ុណ្ណោះ នៅពុំទាន់មានការលក់ចែកចាយទៅក្រៅប្រទេសនៅឡើយទេ។

លក្ខណៈពិសេសរបស់ HQ-19 មានប្រវែង ៥.៨ម៉ែត្រ និងអង្កត់ផ្ចិត ០.៦ម៉ែត្រ ហើយមានសមត្ថភាពបាញ់បានចម្ងាយពី ៤០០ ទៅ ៥០០ គីឡូម៉ែត្រ និងបាញ់ក្នុងរយៈកម្ពស់ ១៥០ គីឡូម៉ែត្រ។ មីស៊ីលរបស់ HQ-19 មានល្បឿនលឿនជាងសំឡេង ៧.៩ដង ដែលស្មើនឹង ២.៧០០ ម៉ែត្រក្នុងមួយវិនាទី ហើយ HQ-19 បំពាក់នៅលើរថយន្តមានកង់ ៨គ្រាប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily៕

ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner