យន្តហោះ F-16 របស់លោកខាងលិចដឹកដល់អ៊ុយក្រែន តែរុស្ស៊ីថា បានបាញ់ទម្លាក់តាមផ្លូវ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់អ្នកកាសែតថ្មីៗនេះថា ការដឹកជញ្ជូនយន្តហោះចម្បាំង F-16 របស់លោកខាងលិចបានមកដល់អ៊ុយក្រែនហើយ និងបានទាត់ចោលការអះអាងរបស់រុស្ស៊ីដែលថា បានបាញ់ទម្លាក់ពួកវា។

ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Kyiv Independent លោកប្រធានាធិបតី Zelensky និយាយថា យន្តហោះ F-16 ជាច្រើនគ្រឿងបានដឹកមកដល់អ៊ុយក្រែនហើយ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនយន្តហោះនោះទេ ហើយបានទាត់ចោលការអះអាងរបស់រុស្ស៊ី ដែលថា បានបាញ់ទម្លាក់ពួកវានៅតំបន់ Sumy Oblast។

អ៊ុយក្រែនបានស្នើសុំយន្តហោះ F-16 ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញទំហឹងរបស់រុស្ស៊ី ដោយក្រុមយន្តហោះដំបូងបានមកដល់ក្នុងខែសីហា ឆ្នាំ ២០២៤ បន្ទាប់ពីមានការយល់ព្រមពីបណ្តាប្រទេសលោកខាងលិចមួយចំនួន។

ប្រទេសជាច្រើនបានចូលរួមចំណែកផ្គត់ផ្គង់យន្តហោះ F-16 ជួយដល់កិច្ចខិតខំប្រឹងប្រែងការពារជាតិរបស់អ៊ុយក្រែន ក្នុងនោះហូឡង់បានឲ្យយន្តហោះ F-16 អ៊ុយក្រែនច្រើនជាងគេដល់ទៅ ២៤គ្រឿង។

រីឯដាណឺម៉ាកក៏បានសន្យាថា នឹងផ្តល់យន្តហោះ F-16 ចំនួន ១៩គ្រឿងជាមួយនឹងការចែកចាយដំបូងក្នុងឆ្នាំ ២០២៤ ខណៈដែលន័រវេសបានសន្យាឲ្យយន្តហោះពី ៦ ទៅ ២២គ្រឿង។ ចំណែកបែលហ្ស៊ិកក៏បានប្រកាសពីចេតនាផ្គត់ផ្គង់យន្តហោះ F-16 ដល់អ៊ុយក្រែនផងដែរ។

បើតាមសារព័ត៌មាន Kyiv Independent យន្តហោះ F-16 ត្រូវបានអ៊ុយក្រែនប្រើទាំងក្នុងប្រតិបត្តិការវាយលុក និងការពារ។ តួយ៉ាង យន្តហោះនេះ ត្រូវបានគេប្រើសម្រាប់ស្ទាក់ចាប់កាំជ្រួច និងយន្តហោះដ្រូនរបស់រុស្ស៊ី អំឡុងពេលការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ុយក្រែន៕

ប្រភព ៖ Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner