លោក គីម ជុងអ៊ុន ប្តេជ្ញាគាំទ្រសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្តែងការគាំទ្រឥតងាករេ ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ក្នុងកំលុងជំនួបជាមួយលោក សឺហ្គេ ស៊យហ្គូ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនៅទីក្រុងព្យុងយ៉ាង។

បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង និងរុស្ស៊ី លោក គីម និង លោក ស៊យហ្គូ បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន រួមទាំងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន, ការសន្ទនារវាងរុស្ស៊ីជាមួយរដ្ឋបាលលោក ត្រាំ និងស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ។

នាឱកាសនោះ លោក គីម និង លោក ស៊យហ្គូ បានអះអាងសារជាថ្មី អំពីឆន្ទៈរបស់មេដឹកនាំប្រទេសទាំងពីរ ក្នុងការអនុវត្តឥតងាករេលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ដែលបានឈានដល់ក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ក្នុងទីក្រុងព្យុងយ៉ាង ជាមួយនឹងការសន្យាផ្តល់ជំនួយទៅវិញទៅមក ប្រសិនបើប្រទេសទាំងពីរប្រឈមមុខនឹងការឈ្លានពាន។
យោងតាមមន្ត្រីចារកម្មអាមេរិក កូរ៉េខាងត្បូង និងអ៊ុយក្រែន បានឱ្យដឹងថា កូរ៉េខាងជើងបានផ្គត់ផ្គង់សព្វាវុធសាមញ្ញជាច្រើនដល់រុស្ស៊ី ហើយកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែលពី ១០.០០០ ទៅ ១២.០០០ នាក់ទៅកាន់រុស្ស៊ីផងដែរ។
ហើយបើតាមប្រព័ន្ធ ផ្សព្វផ្សាយ កូរ៉េ ខាង ត្បូង នោះទាហាន កូរ៉េ ខាង ជើង ដែល ទើប ដាក់ ពង្រាយ បន្ថែមទៀត បប្រហែលជាមានពីចន្លោះ ១.០០០ នាក់ ទៅ ៣.០០០ នាក់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
