លោកជំទាវ ពុំ ចន្ទីនី ៖ ចុះចែកអំណោយដល់ខ្នងផ្ទះ​ប្រជាពលរដ្ឋ បញ្ជាក់ថាពួកគាត់មិននៅឯកោ

(កំពត)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហម​កម្ពុជា មានប្រសាសន៍ថា ការចុះមកចែកអំណោយដោយផ្ទាល់​ដៃ​នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត គឺជាការលើកទឹកចិត្តនិងបញ្ជាក់ថាពួកគាត់មិននៅឯកោ ដែល​ត្រូវបានទុកចោលដោយមិនមានការយកចិត្តទុកដាក់នោះទេ ។ នេះជាការលើកឡើងរបស់លោកជំទាវ ក្នុងឱកាសចុះសួរ​សុខ​ទុក្ខ និងនាំយកអំណោយមនុស្សធម៍ជូន​ប្រជាពលរដ្ឋងាយ​រង​គ្រោះបំផុតមានដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ​មាន​កូន​ច្រើន ជនមានពិការភាពគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍នៅ​តាម​ខ្នងផ្ទះ សរុបចំនួន២០គ្រួសារ រស់នៅក្នុងឃុំបឹងនិមល ស្រុកឈូក និងឃុំអង្គរមាស ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។

លោកជំទាវ ពុំ ចន្ទីនី ក្រៅពីបាននាំនូវប្រសាសន៍ ផ្តាំផ្ញើសួរ​សុខ​ទុក្ខនិងក្ដីនឹករឭកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវក៏បានបញ្ជាក់ថា «ការចុះមកដល់ខ្នងផ្ទះនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលណែនាំឱ្យសហការីធ្វើយ៉ាងណា​នាំយកអំណោយទៅចែកជូនដោយផ្ទាល់ដៃទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋងាយរងគ្រោះបំផុតតែម្ដង ។

ជាងនេះទៅទៀត គឺដើម្បីបានដឹងពីស្ថានភាពជីវភាពនិង​ការរស់​នៅកាន់តែច្បាស់បន្ថែមទៀត ព្រមទាំងបញ្ជ្រាប​ការ​អប់រំផ្សព្វ​ផ្សាយ​លើកកម្ពស់ការយល់ដឹងអំពីសុខភាព និងអនាម័យ​ផ្ទាល់​ខ្លួន តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ក៏ដូចជា​ទុកដាក់សំរាមបានត្រឹមត្រូវ និងមិនដុត​សំរាមពាសវាលពាស​កាលជាពិសេសប្លាស្ទិកជាដើមដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពនិងបំពុលបរិស្ថានជាដើម។

ទន្ទឹមនឹងនេះ លោកជំទាវ បានផ្តាំផ្ញើដល់គ្រួសារដែល​មាន​ជំងឺត្រូវថែរក្សាសុខភាព ញាំថ្នាំឱ្យបានទៀងទាត់តាមការណែនាំ​ឱ្យរបស់គ្រូពេទ្យ ដោយឡែកគ្រួសារដែលមានកូនតូចលោក​ជំទាវបានលើកទឹកចិត្តឱ្យអាណាព្យាបាលត្រូវបញ្ជូនកូនទៅសាលារៀនឱ្យបានគ្រប់គ្នាជាពិសេសរៀននូវជំនាញវិជ្ជាជីវៈដើម្បីអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានភាពល្អប្រសើរបាន។

គ្រួសារដែលទទួលផលទាំងអស់សម្តែងក្តីរំភើប យ៉ាងក្រៃលែង និងគោរពថ្លែងអំណរគុណចំពោះទឹកចិត្ត​ដ៏ល្អ​ប្រពៃថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រ​ហមកម្ពុជា ដែលបានចាត់ក្រុមការងារ​នាំ​យក​អំណោយជួយ​សម្រាលការលំបាករបស់ពួកគាត់​នាឱ​កាសនេះ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner