រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ វិស័យជលផលកើនឡើងដោយសារការខិតខំថែរក្សាអភិរក្សធនធានធម្មជាតិពីសំណាក់មន្រ្តីរបស់យើង

(ភ្នំពេញ)៖ ក្នុងរយៈកាលកន្លងមកយើងឃើញថាវិស័យជលផលរបស់យើងមានការកើនឡើងទាំងបរិមាណត្រី សត្វត្រីកម្រៗដូចជាសត្វផ្សោតសមុទ្រ សត្វផ្សោតទឹកសាប ជ្រូកទឹក ក្រពើភ្នំ និងសត្វដទៃទៀត ដែលទាំងនេះបង្ហាញថាគឺកើតឡើងពីការខិតខំ ថែរក្សាអភិរក្សពីសំណាក់មន្រ្តីថ្នាក់ជាតិ មន្រ្តីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធផងដែរ។

ការលើកឡើងពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែបនេះធ្វើឡើងក្នុងពិធីបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃ មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា Cambodia International Film Festival នៅទី២៤ ខែមីនា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថាវិស័យជលផលរបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ហើយការនេះក្រសួងតែងធ្វើពីស្ថិតិពីការចាប់ត្រីបាន ហើយបើយោងតាមស្ថិតិនោះគឺគេទទួលបានបរិមាណខ្ពស់ជាងមុនជាបន្តបន្ទាប់។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា”ត្រង់នេះយើងត្រូវដឹងថាតើការកើនឡើងនេះដោយខ្លួនឯង ឬក៏មានការខិតខំរបស់អ្នកពាក់ព័ន្ធឬមន្រ្តីយើង។តាមពិតនៅពីក្រោយការកើនឡើងនេះគឺមន្រ្តីជលផលយើងខិតខំខ្លាំងណាស់ ក្នុងនេះមានទាំងសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ កងប្រដាប់អាវុធមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស ទាំងអស់នេះទើបអាចថែរក្សាធនធានធម្មជាតិរបស់យើងឱ្យកើនឡើងបាន។ការការពារទាំងអស់នេះមិនត្រឹមតែអាចថែរក្សានូវធនធានធម្មជាតិទេ តែក៏ជួយការពារទុកឱ្យដល់ពលរដ្ឋរបស់យើង។

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា”ធនធានរបស់យើងមានការកើនឡើងច្រើនទាំងផ្សោតសមុទ្រ ជ្រូកទឹក ។បើយើងថែរក្សាជម្រកបានល្អត្រីកើតច្រើន។យើងឃើញវត្តមានសត្វទាំងនេះច្រើនដោយសារតែការខិតខំរបស់យើង ការអភិរក្សជលផលរបស់យើងដែលទាំងអស់នេះយើងអាចអភិវឌ្ឍន៍ទៅជាវិស័យទេសចរណ៍ដែលសុទ្ធសឹងនាំមកនូវចំណូលដល់ពលរដ្ឋរបស់យើង”។

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ឱ្យដឹងបន្ថែមថា”ការមានម្ហូបអាហារគ្រប់គ្រាន់ជារឿងសំខាន់ណាស់ ក្នុងសំណូរនេះគឺថាយើងមានហូបតែមួយមុខទេឬ ?យើងត្រូវគិតពីការមានបាន។ក្នុងន័យនេះគឺនៅពេលយើងមានហូប ហើយយើងក៏ត្រូវរៀបចំ មានបានពោលគឺមានប្រាក់កាស មានថវិការឱ្យកូនរៀនសូត្រ។ហេតុនេះយើងត្រូវធ្វើការពង្រីកធ្វើនេះធ្វើនោះ ត្រូវលក់ផលិតផលផ្សេងៗពីវិស័យកសិកម្ម ដូចជាលក់ត្រី និងទិន្នផលផ្សេងៗទៀត។មុននឹងឈានដល់ចំណុចនេះយើងក៏ត្រូវកសាងធនធានមនុស្សរបស់យើងដែរ។យើងត្រូវកសាងមូលដ្ឋានគ្រឹះសំដៅធ្វើយ៉ាងណាឱ្យមានទាំងហូបចុកគ្រប់គ្រាន់ និងមានបានពីវិស័យកសិកម្មផង”។

គួរបញ្ជាក់ថាក្នុងពិធីនេះ គេឃើញមានការចាក់បញ្ចាំង នូវវីដេអូចំនួន២ ដែលក្នុងនោះ មួយជាវីដេអូផលិតដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ និងមួយទៀត ជាវីដេអូផលិតដោយអង្គការសត្វព្រៃនិងរុក្ខជាតិ អំពីជោគជ័យនៃការអភិរក្សសត្វក្រពើភ្នំនៅកម្ពុជាទៀតផង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner