កម្ពុជា នៅចុងក្រោយឆ្នាំ២០២៥នេះ នឹងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលើគ្រប់ទម្រង់ នៃមេរោគគ្រុនចាញ់
(ភ្នំពេញ)៖ កម្ពុជាឆ្នាំ២០១១-២០២៥ សម្រេចបានជោគជ័យនូវសូចនាករ ២ រួចជាស្រេច ៖ នៅឆ្នាំ២០១៥ ទប់ស្កាត់ការរីករាលដាលភាពស៊ាំថ្នាំអាតេម៉ីសេនីនជាមួយមេរោគគ្រុនចាញ់។ ចាប់តាំងពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន គ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ សម្រេចជោគជ័យ ៣ឆ្នាំ មុនគោលដៅគ្រោងឆ្នាំ២០២០។ ដំណាក់កាលចុងក្រោយឆ្នាំ២០២៥នេះ នឹងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលើគ្រប់ទម្រង់នៃមេរោគគ្រុនចាញ់ តែនៅក្នុងឆ្នាំ២០២៤នេះ យើងបានបញ្ឈប់ការកើតមានជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម។ ដោយឡែកក្នុងឆ្នាំ២០២៤ ករណីជំងឺគ្រុនចាញ់សរុបមានតែ ៣៥៥ករណី គឺបានបន្តថយចុះ ៧៤% ទៀត បើប្រៀបធៀបនឹងឆ្នាំ២០២៣។

កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ៖ ជំងឺគ្រុនឈាមឆ្នាំ ២០២៤ មានសរុប ១៨,៩៨៣ករណី (អត្រាអាំងស៊ីដង់ ១,០៨៤នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់) និងស្លាប់ចំនួន ៤៦ករណី (អត្រាស្លាប់ ០,២៤%)។ ចំនួន នេះបានថយចុះប្រមាណ ៤៦,៣% ករណីឈឺ បើប្រៀប ធៀបនឹងឆ្នាំ២០២៣ មានចំនួន៣៥,៣៩០ករណី និងបាន ថយចុះ ៥៣,៥% ករណីស្លាប់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៩៩នាក់។ សន្និដ្ឋានឆ្នាំ២០២៤ បានបង្ការ ប្រជាជនមិនឱ្យឈឺដោយជំងឺគ្រុនឈាម បានប្រមាណជា ៧៤% (ឬ ជាង ៥០,០០០ នាក់) បើប្រៀបធៀបនឹង សន្ទស្សន៍ព្យាករណ៍ប្រមាណជា ៧៣,០០០ករណី ។

នេះបើតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក្នុងអង្គសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមវត្តមាន លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខា ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានគាំទ្រនូវរបាយការណ៍នេះ និងសម្តែង នូវការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំ ភាពជាម្ចាស់ការ ការប៉ិនប្រសប់បត់បែនបែបបុរេសកម្ម និងនវានុវត្តន៍ របស់មជ្ឈមណ្ឌលជាតិ កម្មវិធីជាតិ ព្រមទាំ ងអ្នកពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ ដែលបានប្រតិបត្តិការ អភិក្រមសកម្មភាពយុទ្ធសាស្រ្តពេញលេញគ្រប់ជ្រុងជ្រោយសមស្របតាមផែនការយុទ្ធសាស្រ្តជាតិ ចូលរួមចំណែកគាំ ទ្រគោលនយោបាយសុខាភិបាលគ្របដណ្តប់សុខភាពសកលជាអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដំណាក់កាលទីមួយ ក្រោមការដឹកនាំដ៏មាន ថាមពល ឈ្លាសវៃ គតិបណ្ឌិតមិនរីងស្ងួត និងជាមគ្គុទេសក៍ បន្ត វេនដ៏ឆ្នើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងការថែរក្សាម្លប់សន្តិភាពពេញលេញ សេរីភាព ឯករាជជាតិ និងការអភិវឌ្ឍន៍ ស្មើមុខមាត់ទាំងក្នុង តំបន់ និងសកលលោក ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

