នាយករដ្ឋមន្ត្រីថៃ Paetongtarn ចូលរួមការជជែកដេញដោលក្នុងសភា
បាងកក៖ នៅថ្ងៃចន្ទនេះ លោកស្រី នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បានចូលរួមការជជែកដេញ ក្នុងសភា ក្រោយមានការរិះគន់ថា លោកស្រីធ្វើការ ក្រោមឥទ្ធិពលរបស់ឪពុក។
នេះគឺជាថ្ងៃដំបូង នៃការចាប់ផ្តើមសវការបោះឆ្នោត លើសេចក្តីទុកចិត្តលើរូបលោកស្រី ហើយសភាគ្រោង បន្តដល់ថ្ងៃពុធ។
មេដឹកនាំបក្សប្រឆាំង លោក Natthaphong Ruengpanyawut បានប្រាប់សភាថា «ប្រទេសថៃ មានមេដឹកនាំក្រៅប្រព័ន្ធ… ដឹកនាំគោលនយោបាយរបស់រដ្ឋាភិបាល ដោយគ្មានការទទួលខុសត្រូវ»។ លោកបន្តថា «ប្រទេសថៃកំពុងខាតបង់ទ្វេដង ដោយសារតែធ្វើការដោយគ្មានការទទួលខុសត្រូវ និង កាន់អំណាចរដ្ឋ ខ្វះលក្ខណៈសម្បត្តិ»។
យ៉ាងណាមិញ លោកស្រី Paetongtarn ក្នុងវ័យ៣៨ឆ្នាំ មិនបានឆ្លើយតប ទៅនឹងការចោទប្រកាន់របស់មេបក្សប្រឆាំង រូបនេះទេ ប៉ុន្តែ លោកស្រីធ្លាប់បានទទូចថា រដ្ឋាភិបាលរបស់ខ្លួន មិនស្ថិតនៅក្រោមឥទ្ធិពល របស់នរណាម្នាក់ឡើយ។ លោកស្រី នាយករដ្ឋមន្ត្រី ក៏បានថ្លែងបដិសេធ ចំពោះការចោទប្រកាន់ ពីការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ ជាមួយនឹងការអនុគ្រោះ ផលប្រយោជន៍ ដល់គ្រួសារ ផងដែរ។
គួររម្លឹកថា លោកស្រី Paetongtarn បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត របស់ប្រទេសថៃ កាលពីខែសីហា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត