សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន ជាមួយបងប្អូនខ្មែរឥស្លាម
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន លើកទី៩ ជាមួយបងប្អូនខ្មែរឥស្លាម ប្រមាណ ៦ ០០០នាក់ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ដេចធិបតី មានប្រសាសន៍ថា ពិធី «ពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន» គឺជាការផ្តល់ឱកាសសម្រាប់ជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មឥស្លាមសាសនានៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ផ្តល់នូវសិទ្ធិសេរីភាពក្នុងការប្រណិប័តន៍ជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិកគ្រប់និកាយសាសនា និង ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។ ការប្រតិបត្តិសាសនាប្រកបដោយភាពសុខដុមរមនា ទាំងជាតិសាសន៍ និង សាសនា ក៏ជាផ្នែកមួយចំណែកនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិនៅក្នុងសង្គមសន្តិភាពផងដែរ ។
សម្ដេចនាយករដ្ឋមន្ត្រី សូមព្រះអល់ឡោះ ផ្តល់នូវរ៉ស់ម៉ាត់ ហ្ពឺរ៉កាត់ និងស្លើម៉ាត់ ជូនដល់បងប្អូនម៉ូស្លីមទាំងអស់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងសូមជូនពរបងប្អូនម៉ូស្លីមទាំងអស់ ក្នុងការបន្តកាតព្វកិច្ចបួសខែរ៉ាម៉ាឌន ដោយជោគជ័យ ក្នុង ១សប្តាហ៍ចុងក្រោយនេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ










