កម្ពុជា-កូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយបើក​កិច្ចប្រជុំទ្វេភាគីឆ្នាំ២០២៥

(ភ្នំពេញ)៖ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារសហ​ប្រតិបត្តិ​ការអន្តរជាតិកូរ៉េ (KOICA)និងក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC) បានរៀបចំ កិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ​២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ផាក ជុងវ៉ុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាតំណាងក្រុមប្រតិភូកូរ៉េ ខណៈភាគីកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ។

ភាភាគីទាំងពីរបានពិភាក្សា និងចែករំលែកផែនការជំនួយឥត​សំណងរបស់កូរ៉េសម្រាប់កម្ពុជានៅឆ្នាំ២០២៥ និងទិសដៅ​កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ឯកឧត្តម ឈៀង យ៉ាណារ៉ា បានសម្តែងការកោតសរសើរ​យ៉ាង​​ជ្រាលជ្រៅចំពោះការរួមចំណែកបន្តរបស់កូរ៉េ​ចំពោះ​ការអភិ​វឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ឯកឧត្តម បាន​សរសើរ​កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដោយទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់កូរ៉េ​ក្នុងការ​គាំទ្រកម្ពុជាតាមរយៈគម្រោង និងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗ។

ឯកឧត្តម បានលើកឡើងពីកម្រិតនៃទំនាក់ទំនងទ្វេភាគី ដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីដំណើរ​ទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេស​កូរ៉េក្នុងខែឧសភាឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានការកើន​ឡើងទ្វេដងនៃទំហំជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)របស់កូរ៉េខាងត្បូង ដល់កម្ពុជា។

ឯកឧត្តម ផាក ជុងវ៉ុក (PARK Jung-Wook)បានសម្តែង​នូវ​អំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកូរ៉េនិងកម្ពុជា។ ឯកឧត្តម ក៏បានលើកឡើងអំពីការកើនឡើង​នៃទំហំកិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍន៍របស់កូរ៉េខាងត្បូងជាមួយកម្ពុជា និង​បាន​គូសបញ្ជាក់ពីការរំពឹងទុកថា តាមរយៈការធ្វើបច្ចុប្បន្ន​ភាព​យុទ្ធសាស្ត្រ ភាពជាដៃគូប្រទេសស្របតាមគោល​នយោ​បាយរបស់ប្រទេសទាំងពីរ ជំនួយអភិវឌ្ឍន៍ប្រកបដោយ​ប្រសិទ្ធភាព និងនិរន្តរភាពអាចសម្រេចបាន​នាពេល​អនាគត។

កម្ពុជា គឺជាប្រទេសទទួលជំនួយ ជំនួយអភិវឌ្ឍន៍ផ្លូវការ​(ODA)​ច្រើនជាងគេពីប្រទេសកូរ៉េក្នុងឆ្នាំនេះ ដែលជាប់​ចំណាត់​ថ្នាក់លេខមួយក្នុងចំណោមប្រទេសជាដៃគូ ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ទាំង៩២។ នៅឆ្នាំនេះ រដ្ឋាភិបាលកូរ៉េត្រូវបានគេរំពឹងថានឹងផ្តល់ជំនួយប្រមាណ៣៥០លានដុល្លារដល់កម្ពុជា ដោយផ្តោតលើវិស័យដូចជា ការអប់រំ ការគ្រប់គ្រងទឹក សុខភាព និងអនាម័យ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍ជនបទ។

ជាក់ស្តែង ជំនួយនេះនឹងរួមមានកម្ចីសម្បទានចំនួន ២៧​គម្រោង ក្នុងនោះគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងគម្រោងជំនួយឥតសំណងចំនួន៦២គម្រោង រួមទាំង​គម្រោង​កសាងសមត្ថភាពសម្រាប់មន្ទីរពេទ្យកុមារជាតិ។

លើសពីជំនួយអភិវឌ្ឍន៍ ការចូលរួមផ្នែកសេដ្ឋកិច្ចរវាង​ប្រទេស​ទាំងពីរនៅតែរឹងមាំ ដោយមានក្រុមហ៊ុនកូរ៉េប្រមាណ ២០០​ដែលកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យផលិតកម្ម ហិរញ្ញវត្ថុ សំណង់ និង​អចលនទ្រព្យ។ លើសពីនេះ កម្ពុជាជាកន្លែងសម្រាប់ប្រជា​ជន​កូរ៉េប្រហែល មួយម៉ឺននាក់ (10 000នាក់) ដែលជំរុញឱ្យ​មានការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនបន្ថែមទៀត។

កិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ២០២៥ បានអះអាងឡើងវិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់ប្រទេសទាំងពីរក្នុងការពង្រឹង​ភាពជា​ដៃគូ និងជំរុញគោលដៅអភិវឌ្ឍន៍ទៅវិញទៅមក។ ភាគីទាំង​ពីរ​បានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត ក្នុងវិស័យដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កិច្ចប្រជុំនេះបានពង្រឹងតួនាទីរបស់ប្រទេសកូរ៉េក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា ហើយប្រទេសទាំងពីរ​បាន​ឯកភាពបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួម​នៃភាព​រុងរឿង និងការអភិវឌ្ឍ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner