កីឡាករកីឡាការិនីទូក ៦៣នាក់ ចូលរួមធ្វើតេស្តមត្ថភាពដណ្តើមកៅអីជម្រើសជាតិឆ្នាំ២០២៥

(ស្វាយរៀង)៖កៅអីជម្រើសជាតិកីឡាទូកឆ្នាំ២០២៥ ក្រោមការប្រមូលផ្តុំរបស់ក្រសួងអប់រំយុវជននិងកីឡា ត្រៀមសម្រាប់ការប្រកួតធំៗនៅលើឆាកអន្តរជាតិ ដូចជា៖ កម្រិតពិភពលោក អាស៊ីអាគ្នេយ៍ និងអាស៊ី ត្រូវបានធ្វើ​តេសជ្រើសរើសរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់២៥ នៅទន្លេ វ៉ៃគោ ខេត្តស្វាយរៀង។

ការធ្វើតេស្តជ្រើសរើស​នេះ មានកីឡាករកីឡាការិនីចូលរួម​ចំនួន​៦៣នាក់​មកពីក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានកងទ័ព​ជើង​ទឹក ខេត្ត កំពង់ធំ និងខេត្តស្វាយរៀង លើប្រភេទកីឡា ទូកកានូ កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ។

លោក គង់ អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង​កម្ពុជា មានប្រសាសន៍ថា ការធ្វើតេសនេះ មានគោលបំណងជ្រើសរើសធនធានកីឡាករដែលមានសក្កានុពល និងសមត្ថភាពល្អបំផុត ជ្រើសរើសជាជម្រើសជាតិ​សម្រាប់ឆ្នាំ២០២៥ ក្រោមការបំពាក់បំប៉នថវិកាគាំទ្ររបស់​ក្រសួងអប់រំយុវជននិងកីឡា។

លោកថា កីឡាករកីឡាការិនីចូលរួមធ្វើតេស្តទាំងអស់នេះ តម្រូវធ្វើតេស្ត រត់ចម្ងាយ ២០០០ ម៉ែត្រ , ឡើងរបាហ្វិច (Chin-Up) ធ្វើតេស្តជាមួយទូកតាមប្រភេទវិញ្ញាសានីមួយៗ រួមមានទូកកានូចម្ងាយ ២០០ ម៉ែត្រ, ទូកកាយ៉ាក់ ២០០ ម៉ែត្រ និងទូករ៉ូអ៊ីង ៥០០ ម៉ែត្រ។ ក្រៅពីនេះ ក៏មានការធ្វើ​តេស្តសុខភាពទូទៅ និងតេស្តរកសារធាតុគ្រឿងញៀនផងដែរ ដើម្បីធានាសុវត្ថិភាព និងសុជីវធម៌នៃវិស័យកីឡា។

អគ្គលេខាធិការរង ដ៏ដែលបញ្ជាក់ថា សហព័ន្ធក៏បាន​កំណត់​លក្ខខណ្ឌសម្រាប់ការជ្រើសរើសជាដាច់ខាត ពាក់ព័ន្ធនឹង​អាយុ​របស់កីឡាករ-កីឡាការិនី ត្រូវមានអាយុចាប់ពី ១៥ ឆ្នាំ ដល់ ៣០ ឆ្នាំ មានសុខភាពល្អ កាយសម្បទាមាំមួន និងត្រូវ​ចេះហែលទឹក។ បន្ថែមពីនេះ កីឡាករ-កីឡាការិនីត្រូវគោរព​បទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ដូចជាមិនប្រើប្រាស់សារធាតុ​ហាមឃាត់ (ដូពីង) មិនសេពគ្រឿងស្រវឹង និងមិនចាកចេញ​ពីជំរុំហ្វឹកហាត់ជាដើម។

លោកគង់ សុភាព អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើតេស្តជ្រើសរើស​នេះ សហព័ន្ធបានជ្រើសរើសដោយតម្លាភាព​និងយុវត្តិធម៌​បំផុតកីឡាករកីឡាការិនី ដែលមានសមត្ថភាពទើបកោសល្យ​ទើបជាប់ ព្រោះត្រូវឆ្លងកាត់គណៈកម្មការវាយតម្លៃ​ជាច្រើន​នាក់ ក្នុងនោះ គ្រូបង្វឹកនិងថ្នាក់ដឹកនាំវាយតម្លៃបន្ថែម​ទៀត​ផងដែរ។ ដ្បិតការជ្រើសរើសនេះ ជាអនុសាស្រ្តរបស់​ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កីឡាករកីឡាការិនីជម្រើសជាតិត្រូវ​តែមានទេពកោសល្យរឹងមាំ ធនសក្កានុពលប្រកបដោយ​គុណភាព ដើម្បីត្រៀមដណ្តើមមេដាយជូនជាតិពីការ​ប្រកួតកម្រិតអន្តរជាតិនានា ពិសេស គឺ កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនាចុងខែ ធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ដែរថា ការធ្វើតេស្តនេះ កីឡកការិនីមិនទាន់ដឹង​ជ្រើស​រើសយកចំនួនប៉ុន្មាននៅឡើយទេ ។ កីឡាករកីឡា​ការិនីឆ្លងកាត់ការធ្វើតេស្តនេះ អ្នកដែលធ្វើបានពិន្ទុល្អទាំង​អស់​នឹង​ត្រូវបញ្ជូនឈ្មោះទៅកាន់ថ្នាក់ដឹកនាំ​ដើម្បីសម្រេច​និងប្រកាសតាមក្រោយ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner