សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ណែនាំ ៦ចំណុច ដើម្បីឱ្យសហគមន៍ខ្មែរឥស្លាម រីកចម្រើនបន្ថែមទៀត
(ភ្នំពេញ)៖ ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាល្ងាចថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ដើម្បីឱ្យសហគមន៍បងប្អូនខ្មែរឥស្លាម ទទួលបាន នូវការីកចម្រើនបន្ថែមទៀត ។
អនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖
ទី១/ ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការ ប្រកបដោយសាមគ្គីភាព និងមិត្តភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ។
ទី២/ សូមបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ ។
ទី៣/ អាជ្ញាធរមានសមត្ថកិច្ច ត្រូវជួយសម្រួល លើការសាងសង់សាលារៀន វិហារឥស្លាម (ម៉ាស្ជិទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវសេចក្តីជូនដំណឹង ស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិសាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរឥស្លាមរស់នៅឱ្យស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេសទៅតាមស្ថាប័នមានសមត្ថកិច្ច ។
ទី៤/ សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌, សុខុមាលភាព, ការអប់រំ, ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ កម្ពុជា ។
ទី៥/ សូមបន្តជឿជាក់ និងគំាទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាយ៉ាងពេញលេញ នូវសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជា តាមរយៈសាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។
ទី៦/ សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមខ្មែរឥស្លាម ដោយចៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ, បែកបាក់សាមគ្គី និង ភាពជ្រុលនិយមក្នុងសហគមន៍ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


