សម្តេចធិបតី ហ៊ុន ម៉ាណែត ដាស់តឿនដល់សិស្សា​នុសិ​ស្ស ប្រឹងប្រែងកសាងខ្លួន ដើម្បីក្លាយជាធនធានល្អ

(ព្រះសីហនុ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋាន​ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ថ្លែងដាស់តឿន ដល់សិស្សានុសិស្សទាំងអស់ប្រឹង​ប្រែង​កសាងខ្លួន ដើម្បីក្លាយជាធនធានដ៏ល្អ មិនមែនជាបន្ទុក របស់សង្គមជាតិ។

សម្ដេចធិបតី បានរំលឹកកាលពីសម័យសង្គ្រាម ដែលកើត​មាន​នៅក្នុងស្រុកទេស នាំឱ្យមានការបែកបាក់ ព្រាត់ប្រាស បាត់បង់កន្លែងជ្រកកោន អស្ថិរភាពជាអាទិ៍ ហេតុដូច្នេះប្រ​ជា​ពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញ​នោះ​ឡើយ ជាពិសេសគឺមិនប្រើកម្លាំងទ័ព។

សម្ដេច ថា៖ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកឱកាស ពីព្រោះយើងជាអ្នកកំណត់ខ្លួនឯង ថា ជាបន្ទុកសង្គម ឬជាធនធាននៃសង្គម បើយើងជាមនុស្ស ដែលមានគុណធម៌ សីលធម៌ យើងមានចំណេះដឹង សមត្ថភាព យើងជាធនធានរបស់សង្គមជាតិ របស់គ្រួសារ ។ ផ្ទុយទៅវិញ បើយើងជាប្រព្រឹត្ត អំពើមិនគប្បី ដូចជាប្រើគ្រឿងញៀន កាប់ចាក់ យើងមិនមែនជាធនធានទេ គឺយើងជាបន្ទុក សម្រាប់គ្រួសារ និងបន្ទុកខ្លួនឯងទៀត ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា សូមកុំធ្វើជាបន្ទុក ដល់សង្គមជាតិ ត្រូវខិតខំប្រើប្រាស់ឱកាសរបស់ខ្លួន កសាងខ្លួនជាធនធានសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងប្រទេសជាតិ ដូច្នេះសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី​ បានថ្លែងថា ទទួលបានសាលាថ្មីល្អហើយ ប៉ុន្តែមិនប្រាកដថា សិស្សពូកែជាងមុនទេ ប្រសិនបើសិស្សានុសិស្ស មិនខំប្រឹងរៀនសូត្រ។ សម្តេច បន្តថា ទោះបីពេលខ្លះ អាចមានសំណាងប្រឡងបានត្រូវ តែពេលចេញធ្វើការ មិនមែនសំណាងរហូតនោះទេ គឺពឹងទៅលើសមត្ថភាពសុទ្ធសាធ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា ទំហំទឹកចិត្តរបស់ឪពុកម្ដាយ គឺចង់ឃើញកូនរបស់ខ្លួន ល្អ សំខាន់បំផុតគឺដើរតាមគន្លងធម៌ ក៏ប៉ុន្តែឪពុកម្ដាយ មិនបាននៅជាមួយយើងរហូតនោះទេ ដូច្នេះ គ្រប់យ៉ាងត្រូវពឹងផ្អែកលើខ្លួនឯង។

ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពេលសិស្សរៀនពូកែ លោកគ្រូអ្នកគ្រូក៏សប្បាយចិត្ត ហើយគាត់នៅចាំមើលថា សិស្សរបស់គាត់ ១០ ទៅ ២០ឆ្នាំទៀត បានទៅដល់ណា ហើយឪពុកម្ដាយក៏ដូចគ្នា រដ្ឋាភិបាលក៏ដូចគ្នា គឹចង់បានធនធានមនុស្ស ដែលប្រកបដោយគុណវឌ្ឍិ មានជំនាញពិតប្រាកដ ដើម្បីចូលរួមបម្រើការងារជូនប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner