រដ្ឋ កំពុងគិតគូរឱ្យមានការតម្រង់ទិស​សម្រាប់ដល់រៀនថ្នាក់ទី៩ ទៅរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស ហើយនឹងទទួលសញ្ញាបត្រ មានតម្លៃស្មើរបាក់ឌុប

ព្រះសីហនុ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូល​ដ្ឋាន​ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​លើកឡើងពីសារសំខាន់ នៃធនធានមនុស្សក្នុងវិស័យ​ឧស្សា​ហកម្មបច្ចេកវិទ្យាសម្រាប់ជាតិ ដោយឱ្យគិតគូរ​ពីការតម្រង់ទិសសិស្ស តាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់​អារម្មណ៍លើការងារ ក្នុងវិស័យឧស្សាហកម្ម ។

សម្តេច ថា រាជរដ្ឋាភិបាល កំពុងគិតគូរឱ្យមានការតម្រង់​ទិស​សម្រាប់សិស្ស រៀនថ្នាក់ទី៩ តើត្រូវរៀនបន្ត ឬរៀន​ជំនាញវិជ្ជាជីវៈបច្ចេកទេស គឺកូនសិស្ស នឹងទទួលសញ្ញា​បត្រ​ដែលមានតម្លៃស្មើនឹងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ដែលអាចអនុញ្ញាតឱ្យពួកគាត់ ចាប់យកជំនាញផ្សេងៗ ដែលសចាប់អារម្មណ៍ សម្រាប់ការសិក្សាបន្តនៅកម្រិត ថ្នាក់មហាវិទ្យាល័យ (ឧត្តមសិក្សា) បាននាពេលអនាគត ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា យើងចាប់ផ្តើមពន្យល់ ណែនាំឱ្យឪពុក ម្តាយ បានយល់ ពីព្រោះជួនកាល នៅមានការយល់ច្រឡំ ថា រៀនបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅធ្វើកម្មករ គឺអត់ទេ ។ ត្រង់ចំណុចនេះ ត្រូវបានសម្តេច បញ្ជាក់ថា ជំនាញវិជ្ជា​ជីវៈបច្ចេកទេសនេះ មិនមែនតែធ្វើកម្មករនោះទេ ប៉ុន្តែ គឺមានជំនាញផ្នែកអគ្គិសនី បច្ចេកវិទ្យាមួយចំនួន ដែលអាច​ធ្វើ​ទៅបាន ឬធ្វើជាអ្នកគ្រប់គ្រងក៏បាន ។ ដូច្នេះ ការពន្យល់​បន្ថែមដល់កូនសិស្ស កម្រិតធម្យមសិក្សា និងឪពុក ម្តាយ ឱ្យយល់ពីសារៈសំខាន់ នៃការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជារឿងចាំបាច់បំផុត ដើម្បីឱ្យពួកគាត់ បានយល់ឱ្យ​កាន់​តែច្បាស់ក្នុងការសម្រេចចិត្តរបស់ពពួកគាត់ ហើយក្រសួង​អប់រំ យុវជន និងកីឡា ព្រមទាំងរាជរដ្ឋាភិបាល មិនបាន​ការបង្ខិតបង្ខំ ចំពោះការសម្រេចរបស់កូនសិស្សនោះទេ ។

បន្ថែមពីនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា គន្លឹះដែល​ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ មិនសូវទទួលបានការទាក់​ទាញ គឺបណ្តាលមកពី ការរៀបចំ ងាប់ក្រឡា បានន័យថា ការរៀបចំផ្លូវទាល់ ដោយសារតែកូនសិស្សបញ្ចប់ថ្នាក់ទី៩ ចូលទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពួកគាត់មិន​អាចបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបាន ពីព្រោះ​សញ្ញា​បត្រត្រឹមកម្រិតបឋមភូមិ ដូច្នេះ សម្រាប់ការ​រៀបចំថ្មីនេះ គឺត្រូវរៀបចំគន្លង ដើម្បី​ឱ្យកូនសិស្ស​ដែលទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អាចមានលទ្ធភាពឈានជើងចូលសិក្សា ថ្នាក់មហាវិទ្យាល័យបាន។

ជាមួយនឹងកម្រិតសញ្ញាបត្រអាចឱ្យកូនសិស្សបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ ដែលទទួលងាកមកទទួល ការបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈអាចចូលសិក្សាថ្នាក់មហាវិទ្យាល័យបាន ដូចកូនសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ឬថ្នាក់ទី១២ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្តល់ជា​យោបល់ដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវតែបំប៉ន ដាក់កម្មវិធីសិក្សាជំនាញមូលដ្ឋាន និងចំណេះដឹងទូទៅ ដើម្បីឱ្យកូនសិស្សដែលចូលសិក្សាជំនាញវិជ្ជាជីវៈទាំងអស់ អាចទទួលបានសញ្ញាបត្រដូច សញ្ញាបត្របាក់ឌុប ។ ត្រង់ចំណុចនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់​កូន​សិស្ស ដែលទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន​បំណងចូលសិក្សានៅថ្នាក់មហាវិទ្យាល័យ អាចសិក្សាបាន​ដូច​កូនសិស្សបញ្ចប់ការសិក្សាកម្រិតថ្នាក់បាក់ឌុប បាន ។

សម្តេចធិបតី បានបន្ថែមថា ការសម្រេចធ្វើបែបនេះ ដើម្បីឱ្យសិស្សមានជម្រើសច្រើនក្នុងការសិក្សា ដូច្នេះ នេះគឺជាការផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយកាន់តែទទួលបានចំណេះជំនាញផ្សេងៗបន្ថែមទៀត ជាពិសេស​ផ្តល់​ភាពងាយស្រួលក្នុងរតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ននេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner