មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់សមត្ថកិច្ច បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម

(បន្ទាយមានជ័យ)៖ អាជ្ញាធរ ឃុំសង្កាត់ទាំងអស់ ត្រូវបន្តការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឱ្យបានជាប្រចាំ ដូចភ្លៀងរលឹម នូវរាល់បទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋាន ដើម្បីធានាឱ្យបានមូលដ្ឋានគ្មានបទល្មើស ផ្សេងៗឱ្យបានយ៉ាងតិច៨០% ទៅដល់១០០% ។ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ប្រារព្ធឡើងនៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

ដើម្បីធានាកិច្ចការងារគោលនយោបាយនេះឱ្យកាន់តែទទួលបានជោគជ័យ ឯកឧត្ដម រដ្ឋ លេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ត្រូវនាំគ្នាបន្តកិច្ចសហការ ពង្រឹងលេខាធិការរដ្ឋានជាជំនួយការ និងជំរុញអនុវត្តផែនការសកម្មភាព ដែលបានដាក់ចេញឲ្យបានកាន់តែមានប្រសិទ្ធភាពនិងបន្តខិតខំជំរុញការអនុវត្តឱ្យបាននូវគោលនយោបាយជោគជ័យនូវចង្កោមការងារ ក្នុងលក្ខណៈសម្បត្តិទាំង៧ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ជួញដូរ ចែកចាយគ្រឿងញៀន បទល្មើសលួច ឆក់ប្លន់ ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវយកចិត្តទុកដាក់ និងធ្វើប្រតិបត្តិការបន្ត ដោយកិច្ចការងារកន្លងមកយើងបានអនុវត្តច្រើនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ មានការគាំទ្រពីសំណាក់មហាជន ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា មិនតែប៉ុណ្តោះគម្បីត្រូវបន្តពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារការ បង្ការ បង្ក្រាបរាល់សកម្មភាពក្មេងទំនើង ល្បែងស៊ីសង ដែលជាបទល្មើសជាប់ពាក់ព័ន្ធទៅនឹងជីវភាពប្រចាំប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានតឹងរឹងដើម្បីសំដៅធ្វើយ៉ាងណាផ្តល់នូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋានផងដែរ។

មួយវិញទៀតក៍ត្រូវរក្សាភាពសុខសាន្តនៅមូលដ្ឋាន រក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលដ្ឋ ភ្ញៀវ ទេសចរណ៍ ជាតិ អន្តរជាតិ ធ្វើដំណើរកំសាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងឈានមកដល់នៅពេលខាងមុខ ៕

ដោយ ៖ ឃិន គន្ធា

ads banner