សម្តេចនាយករដ្ឋមន្ត្រី ៖ ការប្រកួតប្រជែងក្នុងវិស័យអប់រំ ជាការទទួលផលជាក់ស្តែង ក្នុងការផលិតធនធានមនុស្ស

(ព្រះសីហនុ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋាន​ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​លើកឡើងថា ការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើ​ម្បី​បានតែពានរង្វាន់នោះទេ តែដើម្បីទទួលផលជាក់ស្តែង​ក្នុង​​ការ​ផលិត​ធនធានមនុស្ស ។ ក្នុងន័យនេះ សាលារៀន កាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្ស កាន់តែប្រកបដោយគុណភាព ទាំងគ្រូ និងសិស្ស ហើយធនធានមនុស្សនេះ នឹងចែកផលបន្ត។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍៖ សម្ភារៈបរិក្ខាប្រើប្រាស់ ទំនើបកម្មទៅមុខ តែនឹងថយចុះតាមពេលវេលា និងអាយុកាល នៃការប្រើប្រាស់ ទាំងគុណភាព និងបច្ចេកទេស តែធនធានមនុស្ស កាន់តែប្រើប្រាស់ កាន់តែល្អ និងរីកចម្រើន ហើយរីកដុះដាលបន្ថែម ។

សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាព ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជា​ជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផង និងសេដ្ឋកិច្ចជាតិផង ដោយផ្តោតលើកត្តាអាទិភាព ក្នុងការ​ផ្តល់ជូនប្រជាជន៖ ១/ សុខភាពល្អ, ២/ មានចំណេះដឹង និង៣/ រកឱកាសការងារ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន ពិសេស ធានាលំនឹងស្ថេរភាពសម្រាប់ជីវភាពរស់នៅ ។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់​ធ្ងន់ថា វិស័យអប់រំ ដែលរឹងមាំបាន អាស្រ័យលើកត្តា២ ៖ ទី១. វត្តមានគ្រូ ប្រកបដោយគុណភាព តាមរយៈការបង្កើន​នូវគុណវុឌ្ឍ ទាំងចំណេះទូទៅ និងចំណេះវិជ្ជាជីវៈ ដើម្បីធា​នា​នូវការអប់រំទទួលបានជោគជ័យ, ទី២. កត្តហេដ្ឋារចនា​សម្ព័ន្ធ​ និងសម្ភារៈ ដែលបម្រើដល់ការសិក្សាផ្ទាល់ និងកម្ម​វិធីសិក្សា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner