វិមានក្រឹមឡាំង ៖ លោក គីម ជុងអ៊ុន នឹងហោះមករុស្ស៊ីឆាប់ៗនេះ
មូស្គូ ៖ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un មកកាន់ប្រទេសរុស្ស៊ីនាពេលឆាប់ៗខាងមុខនេះ។

ព័ត៌មាននេះលេចឡើងបន្ទាប់ពីអ្នកកាសែតបានសាកសួរមន្រ្តីរុស្ស៊ី កាលពីថ្ងៃចន្ទ អំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានពិភាក្សានៅពេលដែលលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បានជួបជាមួយលោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន។

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov និយាយថា លោក គីម មានការអញ្ជើញផ្លូវការសម្រាប់ការមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ហើយថា ពេលវេលានឹងត្រូវបានសម្របសម្រួលតាមរយៈបណ្តាញការទូត។
នៅខែមិថុនា ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង។ នៅពេលនោះ លោក ពូទីន បាននិយាយថា លោកសង្ឃឹមថា កិច្ចប្រជុំកំពូលបន្ទាប់របស់ពួកលោកនឹងធ្វើឡើងនៅទីក្រុងមូស្គូវិញម្តង។
ដោយឡែកកាលពីអំឡុងកិច្ចប្រជុំចុងក្រោយរបស់លោក ស៊យហ្គូ ជាមួយលោក គីម គាត់បានប្រគល់លិខិតមួយច្បាប់របស់លោក ពូទីន ដល់មេដឹកនាំកូរ៉េខាងជើងរូបនេះ។ ប្រភពការទូតរុស្ស៊ីបានបង្ហើបឲ្យដឹង ថា នៅក្នុងលិខិតរបស់លោក ពូទីន នោះ បាន បន្ត ការ អញ្ជើញ លោក គីម ទៅ ធទៅធ្វើទស្សនកិច្ចនៅរុស្ស៊ីនាពេលអនាគត៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
