Tesla ត្រៀមវាយលុកទីផ្សារឡានអគ្គិសនីប្រទេសស្តេចប្រេង

ប៊ែរឡាំង ៖ ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមលក់ឡានអគ្គិសនីនៅក្នុងទីផ្សារប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះជាការឈានជើងចូលប្រទេសស្តេចប្រេង និងមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់ឈូងសមុទ្រ ខណៈការលក់ទូទាំងពិភពលោករបស់ Tesla ដាំក្បាលចុះយ៉ាងគំហុក។

ក្រុមហ៊ុន Tesla របស់លោក Elon Musk ដែលជាមហាសេដ្ឋីភពលោក និងមនុស្សជំនិតរបស់លោកប្រធានាធិបតី ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១០ ខែមេសា ដើម្បីតាំងបង្ហាញឡានអគ្គិសនីរបស់ខ្លួន។

បើតាមការអះអាងរបស់ក្រុមហ៊ុន Tesla អ្នកចូលរួមនឹងមានឱកាសទទួលបានបទពិសោធន៍ពីការបើកបរដោយស្វ័យភាពជាមួយឡាន Cybercab និងជួបជាមួយមនុស្សយន្ត Optimus ដែលបំពាក់បច្ចេកវិទ្យា AI។

យ៉ាងណាមិញ Tesla ត្រូវបានរំពឹងថា នឹងជួបការលំបាកខ្លាំង ពីព្រោះប្រជាជនប្រទេសស្តេចប្រេងមួយនេះ និយមជិះតែឡានចាក់សាំង ហើយមាន ១% ប៉ុណ្ណោះដែលជិះឡានអគ្គិសនី នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារប្រឹក្សា PwC កាលពីខែកញ្ញា។

បច្ចុប្បន្នការលក់ឡាន Tesla នៅចិន ជាទីផ្សារឡានធំបំផុតរបស់ពិភពលោកកំពុងដាំក្បាលចុះខ្លាំង ក្រោមថ្វីដៃគូប្រជែង BYD។ តួយ៉ាង BYD បានរាយការណ៍ថា ការលក់ប្រចាំឆ្នាំរបស់ខ្លួនកើបលុយបាន ១០៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ វ៉ាដាច់ Tesla ដែលមានត្រឹ ៩៨ ពាន់លានដុល្លារ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner