សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកពេលដឹកនាំរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កាលពី ៤ឆ្នាំមុន
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញរូបថត ពេលកំពុងដឹកនាំរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ ឱ្យក្លាយជាមន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ១៩ កាលពី ៤ឆ្នាំមុន ។
សម្ដេចធិបតី បានរៀបរាប់លើបណ្ដាញសង្គមដូច្នេះថា មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ ។
សម្ដេចបន្តថា រូបថតនេះ គឺក្នុងពេលដែលខ្ញុំ កំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីរពេទ្យស្ត្រី នគរទេព) ដើម្បីប្រែក្លាយជា មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំ មណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke ។
សម្ដេចបន្ថែមថា ខ្ញុំនៅចាំច្បាស់ថា នៅពេលនោះ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់អំពីអនាគតរបស់ប្រទេសជាតិនិងប្រជាជនយើងនៅឡើយ នៅក្នុងដំណាក់កាលដែលមានការឆ្លង និងស្លាប់មនុស្សជាច្រើន នៅតាមបណ្ដាប្រទេសនានាលើសាកល ដោយសារជំងឺកូវីដ១៩ ។
ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ពេលនោះ គឺជាដំណាក់កាលដំបូងនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ដែលមានអ្នកឆ្លងកើនឡើងយ៉ាងលឿន។ ជាក់ស្ដែង នៅរាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ក្នុងមួយថ្ងៃ ដែលមន្ទីរពេទ្យរបស់យើង មិនអាចរ៉ាប់រងបាន ។
សម្ដេចបញ្ជាក់ថា ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ នាពេលនោះក៏ដោយ អ្វីដែលច្បាស់សម្រាប់ខ្ញុំនាពេលនោះ គឺ បើយើងនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហា និងមិនរលាយបាត់នោះទេ។ ផ្ទុយទៅវិញ បញ្ហាអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅទៀត ។
ហេតុដូច្នេះយើងមិនមានជម្រើសអ្វីក្រៅអំពីការប្រឈមផ្ទាល់ជាមួយនឹងបញ្ហា ហើយខិតខំចូលរួមដោះស្រាយ ទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន រួមទាំងការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល និងពេទ្យព្យាបាលកម្រិតធ្ងន់សម្រាប់ព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅពេលនោះ ៕
ដោយ ៖ វណ្ណលុក