សមាគមឧកញ៉ាកម្ពុជា ចែកអំណោយជូនសាលាបឋមសិក្សាក្រចាប់ ដើម្បីលើកស្ទួយវិស័យអប់រំ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ សមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគម ឧកញ៉ាកម្ពុជា បានអញ្ជើញចែកអំណោយជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាក្រចាប់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបានជូនដំណើរនិងអបអរសាទរកិច្ចសប្បុរសធម៌នេះ។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិកសប្បុរសជនទាំងអស់នៃសមាគមឧកញ៉ាកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារៈអប់រំ ដោយមានការប្រគល់ជាផ្លូវការតាមរយៈ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ “ថវិកា និងសម្ភារៈទាំងនេះ ពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់លើកស្ទួយវិស័យអប់រំក្នុងខេត្តកំពង់ធំ ដើម្បីបង្កើតធនធានមនុស្សប្រកបដោយគុណភាព និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនឆាប់រហ័ស” ។
អ្នកឧកញ៉ា ហ៊ុន ឡាក់ ក៏បានផ្តាំផ្ញើដល់ សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបង្កើតអនាគតភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ “ក្មួយៗត្រូវតែជាសិស្សល្អ ពលរដ្ឋល្អ និងយុវជនល្អ ដោយមានសុខភាពល្អ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងអស់”។
អ្វីដែលសំខាន់ជាងនេះទៀត គឺការបន្តថែរក្សា សុខសន្តិភាព និងការឯកភាពជាតិ ដែល សម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ឈាមស្រស់ដើម្បីស្វែងរក និងបន្សល់ទុកឲ្យ។ ជាមួយនឹងការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវអភិវឌ្ឍន៍ ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ៕





ដោយ ៖ ប៊ុនរដ្ឋា