លោក Trump ថា នឹងបន្ធូរបន្ថយពន្ធលើចិន បើ Tiktok យល់ព្រមលក់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកអាចនឹងបន្ធូរបន្ថយការដំឡើងពន្ធលើប្រទេសចិន ប្រសិនបើអាចឈានដល់កិច្ចព្រមព្រៀងទិញ-លក់ប្រតិបត្តិការ Tiktok របស់ក្រុមហ៊ុន ByteDance នៅអាមេរិក។
លោក ត្រាំ បានអះអាងថា ក្រុមហ៊ុន ByteDance នៅសល់ពេលពិចារណាត្រឹមថ្ងៃទី៥ ខែមេសាខាងមុខ ដើម្បីលក់ប្រតិបត្តិការ TikTok ទៅឱ្យបុគ្គល ឬក្រុមហ៊ុននៅអាមេរិក ដែលមិនមែនជារបស់ចិន។ បើហួសពេលកំណត់នេះ TikTok ដែលមានអ្នកប្រើប្រាស់ជាង ១៧០ លាននាក់នៅអាមេរិក នឹងត្រូវបិទ ដោយសារហេតុផលបញ្ហាសន្ដិសុខជាតិ ស្ថិតក្រោមច្បាប់ឆ្នាំ ២០២៤។
មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធយ៉ាងដូច្នេះថា លោកអាចនឹងផ្តល់ឱ្យពួកគេនូវការបន្ធូរបន្ថយការដំឡើងពន្ធតិចតួច ឬអ្វីមួយដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនោះសម្រេចបានរួចរាល់។ ពាក់ព័ន្ធការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ BBC បានទាក់ទងសុំការអត្ថាធិប្បាយពីខាង Tiktok និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែពុំទាន់មានការឆ្លើយតបភ្លាមៗទេ។
ការធ្វើឱ្យប្រទេសចិនយល់ព្រមលើកិច្ចព្រមព្រៀងណាមួយ ដើម្បីបោះបង់ការគ្រប់គ្រងកម្មវិធីវីដេអូកំសាន្តខ្លីៗដ៏ល្បី TikTok ដែលមានតម្លៃខ្លួនរាប់សិបពាន់លានដុល្លារ តែងតែជាចំណុចជាប់គាំងដ៏ធំបំផុត មុនពេលឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ ដូច្នេះលោកប្រធានាធិបតី ត្រាំ បានប្រើប្រាស់គោលនយោបាយដំឡើងពន្ធ ជាឧបករណ៍ចរចារឲ្យលក់ TikTok នាពេលកន្លងមក។
តួយ៉ាង នៅថ្ងៃដំបូងដែលលោក ត្រាំ ត្រលប់មកសេតវិមានវិញ នៅថ្ងៃទី២០ ខែមករា មេដឹកនាំអាមេរិករូបនេះបានគំរាមយកពន្ធបន្ថែមលើប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំងមិនយល់ព្រមលើកិច្ចព្រមព្រៀងលក់ TikTok ទេ។ ហើយចិនបានដាក់ពន្ធសងសឹកវិញ និង ជំរុញឱ្យអាមេរិកងាកមករកតុចរចាជាមួយទីក្រុងប៉េកាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា


