រុស្ស៊ីព្រមានផ្ទុះសង្គ្រាមជាមួយណាតូ បើសិនលោកខាងលិចដាក់ពង្រាយកម្លាំងនៅអ៊ុយក្រែន
មូស្គូ ៖ រុស្ស៊ីមានការខឹងសម្បារជាខ្លាំង រហូតបោះសម្តីព្រមានធ្ងន់ៗថា រុស្ស៊ី-អង្គការណាតូ អាចប្រឈមមុខនឹងការផ្ទុះសង្គ្រាម បើសិនប្រទេសលោកខាងលិចដាក់ពង្រាយកងកម្លាំងនៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងប្រឆាំងដាច់ខាត ចំពោះការដាក់ពង្រាយកងរក្សាសន្តិភាពលោកខាងលិចដែលអាចកើតមាននៅអ៊ុយក្រែន ហើយបានព្រមានថា ទង្វើបែបនេះអាចបណ្តាលឱ្យមានការប៉ះទង្គិចដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។
លោកស្រី Zakharova ក៏បានចោទប្រកាន់បារាំង និងអង់គ្លេសថា បានរៀបចំផែនការអន្តរាគមន៍យោធានៅអ៊ុយក្រែន ក្នុងរូបភាពក្លែងបន្លំជាប្រតិបត្តិការរក្សាសន្តិភាព។
ការគំរាមធ្ងន់ៗរបស់រុស្ស៊ី កើតឡើងចំពេលដែលប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស ជាមួយមេដឹកនាំមកពីប្រទេសជិត ៣០ ក៏ដូចជាមន្ត្រីអង្គការណាតូ និងសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រដល់អ៊ុយក្រែន។
ប្រធានបទសំខាន់ៗនៅក្នុងកិច្ចប្រជុំកំពូលនោះ រួមមាន សំណើដាក់ពង្រាយទាហានអឺរ៉ុបទៅកាន់អ៊ុយក្រែន រួមជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ ដើម្បីបង្កើតនូវអ្វីដែលគេហៅថា “សម្ព័ន្ធនៃឆន្ទៈ”៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា