ពូទីនចង់ឲ្យមានរដ្ឋបាលអន្តរកាលនៅអ៊ុយក្រែន
បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា លោកចង់ឲ្យមានរដ្ឋបាលអន្តរកាល នៅប្រទេសអ៊ុយក្រែន ខណៈដែលកងទ័ពរុស្ស៊ីមាន «គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ» តាមជួរមុខទាំងមូល នៅអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា «វាអាចទៅរួច…ដើម្បីពិភាក្សាពីលទ្ធភាពនៃការណែនាំរដ្ឋបាលអន្តរកាល នៅអ៊ុយក្រែន» ជាមួយបណ្តាប្រទេសលោកខាងលិច និង ដៃគូរបស់រុស្ស៊ី។
លោក ពូទីន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងពេលជួបជាមួយនាវិក នៃនាវាមុជទឹកនុយក្លេអ៊ែរ នៅតំបន់ Murmansk កាលពីថ្ងៃព្រហស្បតិ៍។ ការផ្តល់យោបល់ របស់លោកពូទីន អំពីរដ្ឋបាលបណ្តោះអាសន្ន បានលេចឡើងដើម្បីដោះស្រាយសង្គ្រាមអូសបន្លាយជាង៣ឆ្នាំមកនេះ បានកើតមាន ខណៈដែលលោក ពូទីន នៅចាត់ទុក អាជ្ញាធរអ៊ុយក្រែន មិនមែនជាដៃគូចរចាស្របច្បាប់ តាំងពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបន្តកាន់អំណាច លើសពីខែឧសភា ឆ្នាំ២០២៤ នៃអាណត្តិរបស់លោក។
លោក វ្ល៉ាឌីមៀ ពូទីន មានប្រសាសន៍ដែរថា កងទ័ពរបស់ទីក្រុងមូស្គូ មានគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ នៅតាមបណ្តោយជួរមុខទាំងមូល នៅអ៊ុយក្រែន ដោយលោក ពូទីន បន្ថែមថា «មានហេតុផល ដើម្បីជឿថា យើងនឹងបញ្ចប់ពួកគេ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត