នាយឧត្តមសេនីយ៍ សៅ សុខា តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសាស្រ្តភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ។
នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា វិស័យសាសនាក៏ដូចជាវិស័យផ្សេងៗទៀត រួមទាំងអាយុជីវិតប្រជាជនកម្ពុជា ស្លូតត្រង់រាប់លាននាក់ ត្រូវបានរបបប្រល័យពូជសាសន៍ កាប់សម្លាប់ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ត្រូវបានលុបបំបាត់ចោល។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ក្នុងកាលៈទេសៈប្រទេសកម្ពុជាប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ដឹកនាំដោយបន ប៉ុលពត នៅថ្ងៃទី២០ មិថុនា ១៩៧៧ សម្តេចតេជោ បានសម្រេចចិត្តចាកចេញពីមាតុភូមិ ស្វែងរកមាគ៌ាសង្គ្រោះជាតិ ដោយបានការគាំទ្រពីប្រទេសជាមិត្ត គឺបានបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ឧសភា ១៩៧៨ ដែលជាកម្លាំងស្នូលនៃការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ធ្នូ នាឆ្នាំដដែល។
បន្ទាប់ពីមហាជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី៧ មករា ១៩៧៩ សម្តេចតេជោ រួមជាមួយឥស្សរយជនស្នេហាជាតិដទៃផ្សេងទៀត បានដឹកនាំ ស្តារ និងកសាងឡើងវិញនូវរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ។ ចាប់ពីពេលដែលប្រទេសជាតិទទួលបាននូវសន្តិភាព ពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ធ្នូ ១៩៩៨ មក សម្តេចតេជោ បានបន្តដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែត្រូវបានលើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ត្រូវបានលើកតម្កើង។
កាន់តែជាក់ស្តែងថែមទៀតនោះ ពេលនេះសម្តេចទាំងទ្វេរ បានបរិច្ចាគធនធានផ្ទាល់របស់សម្តេច សាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន (២៧ម៉ែត្រ គុណ ៣៥,១ម៉ែត្រ) តួចេតិយទំហំ (អ័ក្ស) ១១ម៉ែត្រ គុណ ១១ម៉ែត្រ និងកម្ពស់ ៣៧,១ម៉ែត្រ នេះឡើង ដើម្បីថ្វាយប្រគេនសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ គោរព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យរិតតែឧត្តុង្គឧត្តមបន្ថែមទៀត ៕








អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា