ឯកឧត្តម តឹករ៉េត សំរេច ៖ ការងារហិរញ្ញវត្ថុសាធារណៈ ពិតជាចាំបាច់ក្នុងការចូលរួមពង្រឹង ដើម្បីធានាបាននូវ​ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ

(ព្រះសីហនុ)៖ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា បន្ទាប់ពីការចូលរួមអនុវត្តនូវសមរភូមិ​នៃការបង្កើតនូវបរិយាកាសមិនមានវិវាទ យ៉ាងហ្មត់ចត់ និងគ្រោងទៅបញ្ចប់នាពេលដ៏ខ្លីខាងមុខ ការងារបន្ទាប់​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺ ការងាររៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឈានទៅ​បង្កើតរបៀងសេដ្ឋកិច្ចទាំង ៨ ឱ្យមានប្រសិទ្ធភាព ដែល​កិច្ចការទាំងនេះទាមទារឱ្យមានការគិតគូរ និងរៀបចំផែន​ការថវិកាឱ្យបានត្រឹមត្រូវ និងឆ្លើយតបទៅនឹងការអនុវត្ត​ថវិកាដំណាក់កាលទី៤ គឺគណនេយ្យភាពសមិទ្ធកម្ម។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការងារហិរញ្ញវត្ថុសាធា​រណៈ​ពិតជាមិនមែនជាការងារសាមញ្ញ និងងាយស្រួល​នោះ​ឡើយ ដូចនេះការចូលរួមនិងសហការអនុវត្តរបស់​គ្រប់តួអង្គពាក់ព័ន្ធពិតជាចាំបាច់ក្នុងការចូលរួមពង្រឹង ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ សំដៅដល់ការពង្រឹង និងការចូលរួមប្រមូលចំណូល​សេវាសា​ធារណៈរបស់ក្រសួង ការពង្រឹងប្រសិទ្ធភាព​ចំណាយ តាមរយៈការអនុវត្តថវិកាកម្មវិធី និងការអនុវត្ត​យន្តការតាមដាន និងវាយតម្លៃជាដើម ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម តឹករ៉េត សំរេច តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត​គោល​ការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធា​រណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ រៀបចំឡើងនៅសណ្ឋាគារសុខាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍បន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួម​ចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្តនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះការងារកែទម្រង់រដ្ឋបាលសាធារណៈ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការងារកែទម្រង់​វិមជ្ឈការនិងសហវិមជ្ឈការ និងថ្មីៗនេះ បានបន្ថែមការ​ងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់ប្រព័ន្ធ​ច្បាប់បន្ថែមទៀតផងដែរ ។ លើសពីនេះ មានសមិទ្ធផល​ជាច្រើនទៀតក្នុងក្របខណ្ឌនៃការងារកែទម្រង់នេះ ដែលក្រសួងបានខិតខំសម្រេចបាន រួមមានជាអាទិ៍ ការខិតខំប្រមូលនិងបង្កើនសេវាសាធារណៈថ្មីៗ ដែលជាចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ការរៀបចំនិងគ្រប់គ្រងប្រព័ន្ធហិរញ្ញ​វត្ថុសាធារណៈផ្ទៃក្នុងក្រសួង និងការត្រួតពិនិត្យនិងវាយ​តម្លៃលើការងារថវិកា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត​ថវិកាស្របតាមច្បាប់ និងគតិយុត្តិនានា។

ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែបុរេសកម្ម និងសកម្មលើការងាររបស់ខ្លួន​ប្រកបដោយស្មារតីទទួលខុសត្រូវ និងបានជំរុញ​ឱ្យ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្លាយជាក្រសួងឈានមុខគេមួយក្នុងការចូលរួមអនុវត្តនិងសម្រេចបាននូវសមិទ្ធផលជាច្រើន ។ ដោយក្នុងនោះ​គោល​ការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ​សាធា​រណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាឯកសារដ៏មានសារៈសំខាន់ដែល​នឹងក្លាយជាមគ្គុទេសក៍សម្រាប់ចង្អុលបង្ហាញ ណែនាំ និងតម្រង់ទិសអំពីយន្តការការងារតាមបែបបទ និងនីតិវិធីហិរញ្ញវត្ថុដល់គ្រប់អង្គភាពថវិកាក្រោមអាណាព្យាបាលរបស់ក្រសួង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner