ឯកឧត្តម តុល ញ៉ក់ បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយភារធារីស្តីទីនៃស្ថានបេសកកម្មអាមេរិកប្រចាំអាស៊ាន
(ភ្នំពេញ)៖ ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) តំណាងកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Kate Rebholz ភារធារីស្តីទីនៃស្ថានបេសកកម្មអាមេរិកប្រចាំអាស៊ាន និងសហការី នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងជំនួបនេះ លោកស្រី Kate Rebholz បានថ្លែងអំណរគុណ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ ឯកឧត្ដមប្រធាន ADGSOM កម្ពុជា ដែលបានគាំទ្រកិច្ចសហការរវាងកម្ពុជានិងអាស៊ានក្នុងវិស័យឌីជីថល។
ជាការឆ្លើយតប ឯកឧត្ដមប្រធាន ADGSOM បានជម្រាបជូនអំពីកិច្ចការអាទិភាពនិងសមិទ្ធផលធំៗដែលក្រសួងសម្រេចបានកន្លងមក ជាអាទិ៍ ការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការកសាងសមត្ថភាពទាំងស្ថាប័ននិងធនធានមុស្ស ជាពិសេសស្នាដៃលេចធ្លោមួយ គឺការបង្កើតថ្នាល verify.gov មិនត្រឹមតែប្រើប្រាស់ផ្លូវការក្នុងការផ្ទៀងផ្ទាត់ឯកសារនៅក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងបានពង្រីកវិសាលភាពទៅបណ្ដាប្រទេសដៃគូក្នុងតំបន់អាស៊ាន។ នៅក្នុងក្របខណ្ឌអាស៊ាន ក្រសួងបានចូលរួមយ៉ាងសកម្មតាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីឌីជីថលអាស៊ាន (ADGMIN) កិច្ចប្រជុំADGSOM។
ជាមួយគ្នានេះ ឯកឧត្តមប្រធាន ADGSOM ក៏បានជម្រាបជូនពីវឌ្ឍនភាពអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនៅក្នុងតំបន់និងនៅកម្ពុជា ដោយប្រទេសអាស៊ានទាំង ១០បានឯកភាពពង្រីកតួនាទីនិងភារកិច្ចរបស់ក្រុមការងារអាស៊ានស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (WG-AI) ដើម្បីជាក្រុមការងារស្នូលពាក់ព័ន្ធនឹងការអភិវឌ្ឍអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនៅអាស៊ាននិងជួយគាំទ្រការងារ ADGSOM ក្នុងការសម្របសម្រួលរាល់គម្រោងពាក់ព័ន្ធបញ្ញាសិប្បនិម្មិតក្នុងតំបន់។
បន្ថែមលើនេះ ឯកឧត្តមប្រធាន ADGSOM និង លោកស្រី Kate Rebholz ក៏បានផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធនឹងកិច្ចសហការបន្ត ទាំងកម្រិតតំបន់ និងកម្រិតទ្វេភាគីរវាងអាមេរិក និងកម្ពុជា លើផ្នែកសំខាន់ៗរួមមានការកសាងធនធានមនុស្សឌីជីថល សន្តិសុខសាយប័រ លំហូរទិន្នន័យឆ្លងដែន ការតភ្ជាប់ឌីជីថល និងបច្ចេកវិទ្យាឌីជីថលឈានមុខចុងក្រោយ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ជាការឆ្លើយតប លោកស្រី Kate Rebholz បានកោតសរសើរលើសមិទ្ធផលដែលក្រសួងសម្រេចបាន និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអាស៊ាន លើវិស័យឌីជីថល និងសន្យាពាំនាំព័ត៌មាននិងសំណូមពរផ្សេងៗទៅកាន់សហការីដើម្បីពិនិត្យលទ្ធភាពបន្តកិច្ចសហការជាមួយអាស៊ាននិងកម្ពុជា៕




ដោយ ៖ ង៉ាន់ ទិត្យ