សិក្ខាសាលាលើកកម្ពស់ផលិតផលខ្មែរនៅកំពង់ធំ

(ខេត្តកំពង់ធំ)៖ នាយកដ្ឋានអភិវឌ្ឍទីផ្សារ នៃអគ្គនាយក​ដ្ឋាន​ជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខា​សា​លា​ស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” នៅខេត្តកំពង់ធំ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរ​ពាណិជ្ជកម្មខេត្តកំពង់ធំ ។

កម្មវិធីនេះមានការចូលរួមពី លោក តាន់ យុវរដ្ឋ អគ្គ​នា​យក​រងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម, ឧកញ៉ា ប្រធាន​សភាពាណិជ្ជកម្មខេត្តកំពង់ធំ-ព្រះវិហារ, លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ, ព្រមទាំង​ថ្នាក់​ដឹកនាំមន្ទីរ អង្គភាព​ពាក់ព័ន្ធ ពាណិជ្ជករ សហគមន៍ សមាគម ក្រុមហ៊ុន និង​និស្សិតសរុបជាង ១០០នាក់។

លោក ងួន រាសី បានឱ្យដឹងថា ការសហការជាមួយរដ្ឋបាល​ខេត្ត និងអង្គភាពពាក់ព័ន្ធ នឹងផ្តល់ព័ត៌មានអំពីទីផ្សារថ្មីៗ និងលើកកម្ពស់ការបង្កើតដៃគូសហការមុខរបរ។ ពិសេស​ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមបច្ចេកវិទ្យាឌីជីថល ដើម្បី​ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន។

សិក្ខាសាលានេះ​ក៏បាន​លើក​ឡើង​អំពីផលិតផលខ្មែរដែល​កំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារអន្តរជាតិរួមមាន៖ ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ សាច់សត្វ ជ័រកៅស៊ូ ម្នាស់ ម្រេច ។

លោក តាន់ យុវរដ្ឋ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម​កំពុង​ពង្រឹងយុទ្ធសាស្រ្តក្នុងការបង្កើតឱកាស​ឲ្យផលិតផល​ខ្មែរចូលទៅក្នុងទីផ្សារអន្តរជាតិ ដោយការចូលជាភាពជាដៃគូ​សេដ្ឋកិច្ចនានា (RCEP, CCFTA, CKFTA, CEPA)។
ក្រសួងពាណិជ្ជកម្មបានបង្កើត ផ្លូវការលក់ផលិតផលខ្មែរ តាមរយៈផ្សារអេឡិចត្រូនិក CambodiaTrade.com និងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅប្រទេសចិន, ជប៉ុន និងអារ៉ាប់។

ក្រសួងពាណិជ្ជកម្មក៏បានចុះអនុស្សរណៈយោគយល់ជាមួយ PTT (Cambodia) ដើម្បីលក់ផលិតផលខ្មែរតាមបណ្តា​ស្ថានីយប្រេង PTT ក្នុងខេត្តកំពង់ធំ និងតាមបណ្តាខេត្ត​ផ្សេងទៀត ៕

ដោយ ៖ ប៊ុនរដ្ឋា

ads banner