ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយថ្នាក់ដឹកនាំ និងប្រជាជន​មីយ៉ាន់ម៉ា និងថៃ ចំពោះគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយថ្នាក់ដឹកនាំ និងប្រជាជននៃសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា និងព្រះរាជាណចក្រថៃ ចំពោះគ្រោះមហន្តរាយធម្មជាតិ រញ្ជួយដី ដែលបានការខូចខាតយ៉ាងធ្ងន់ធ្ងរនូវហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ និងអាយុជីវិត កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។ នេះជាគ្រោះមហន្តរាយដ៏សាហាវពុំធ្លាប់មាននៅក្នុងតំបន់របស់យើង។

ជាមួយនឹងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារអ្នកដែលបានបាត់បង់ជីវិត ឯកឧត្តមក៏សូមបួងសួងឱ្យកិច្ចការជួយសង្គ្រោះអ្នកដែលកំពុងរងរបួស និងបាត់ខ្លួនទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្ថានឯកអគ្គរាជទូតព្រះរាជាណចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ និងអាជ្ញាធរកម្ពុជាពាក់ព័ន្ធ ដែលបានជួយជ្រោមជ្រែងសម្របសម្រួលការជួយសង្រ្គោះប្រជាពលរដ្ឋខ្មែរដែលស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់នោះ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅ និងបំពេញកិច្ចការនៅតំបន់ហានិភ័យទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសូមមានសុខសុវត្ថិភាពទាំងអស់គ្នា៕
ដោយ៖ពលជ័យ

ads banner