ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ជជែកគ្នាអំពីការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីក្នុងវិស័យអប់រំ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥បានជួបប្រជុំពិភាក្សាការងារលើរបៀបវារៈជាច្រើន។ ក្នុងនោះ ការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីក្នុងវិស័យអប់រំ ជាកិច្ចការឆ្ពោះទៅមុខដែលគួរកត់សម្គាល់ តាមរយៈការពិភាក្សាលើ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអប់រំ និងការធ្វើទំនើបកម្មគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ។

ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអប់រំ ជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី១ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ជាពិសេសការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ធ្វើយ៉ាងណាធានាដល់អនុវត្តស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។ ក្នុងពេលបច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សំដៅដល់ការជ្រើសមន្ត្រី ដែលមានគុណវុឌ្ឍិជាក់លាក់ ស្របតាមផែនការ និងស្របតាមគោលដៅការងារដែលត្រូវបំពេញ។ ទន្ទឹមនេះ ក្រសួងអប់រំ​ យុវជន និងកីឡា បានរៀបចំចងក្រងមុខតំណែងរួចរាល់ ផ្អែកលើមុខងារស្នូល​ មុខងាររង និងមុខងារគាំទ្រ សម្រាប់បន្តពិភាក្សា។ ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការគ្រប់គ្រងមន្ត្រីក្នុងបរិបទជាប្រព័ន្ធនិយោជន៍ ពោលជាមន្ត្រីដែលមិនស្ថិតក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល តែនឹងទទួលបានបៀវត្សស្របតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន និងទទួលបានអត្ថប្រយោជន៍ប្រហាក់ប្រហែល ឬដូចគ្នាទៅនឹងមន្ត្រីរាជការស៊ីវិលដែរ។

ក្នុងរបៀបវារៈនៃការធ្វើទំនើបកម្មគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ ពោលគឺការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីក្នុងវិស័យអប់រំ ក្រសួងទាំងពីរបានជជែកគ្នា ផ្អែកលើគំនិតផ្តួចផ្តើមមួយរបស់ក្រសួងមុខងារសាធារណៈ ដែលគំនិតនេះក៏បានដើរ​ស្របជាមួយ​គោលដៅវែងឆ្ងាយ​របស់ក្រសួងអប់រំ យុវជន និងកីឡា។ គំនិតផ្តួចផ្តើមនេះ ជាការគិតគូរចេញពីការជ្រើសរើស ការបណ្តុះបណ្តាល ការប្រឡងប្រជែងស្របតាមនិយាមនីតិវិធីប្រតិបត្តិ និងគ្រប់គ្រង គ្រូបង្រៀននាថ្ងៃអនាគតប្រកបដោយគុណភាព សមត្ថភាព វិជ្ជាជីវៈ និងមានគុណវុឌ្ឍិ ស្របតាមតម្រូវការ ផែនការ ហើយអាចចេញបំពេញការងារបានទាន់ពេលវេលា និងគ្រប់គោលដៅនៃតម្រូវការ។

គួររម្លឹកថា កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងអប់រំ យុវជន និងកីឡាជាច្រើនរូបទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner