អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការទៅលើអាជីវករ ដែលមិនគោរពតាមការណែនាំរបស់រដ្ឋបាលខណ្ឌ
(ភ្នំពេញ)៖ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងមានវិធានការ ចំពោះអាជីវករមួយចំនួន ដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវលេខ ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់សាធារណៈល្អ ។
លោកអភិបាលរងខណ្ឌ បានឱ្យដឹងថា កន្លងមក រដ្ឋបាលខណ្ឌ តែងតែចុះណែនាំ និងចែកលិខិត ជូនដំណឹងលេខ ០៦៥/២៥ សជណ.ចអព ដល់អាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗ លើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ ។
បន្ទាប់ពីទទួលបានការណែនាំ និងលិខិតជូនដំណឹង រួចហើយ ឃើញថា អាជីវករភាគច្រើនគោរព និងអនុវត្តតាមការណែនាំ តែក៏នៅមានអាជីវករមួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពានដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍ ។
ក្នុងនាមលោកអភិបាលខណ្ឌ និងក្នុងនាម អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់អាជីករទាំងអស់ ក្នុងមូលដ្ឋានខណ្ឌច្បារ អំពៅ សូមកុំដាក់តាំងលក់ទំនិញ ឬសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីលទ្ធភាពយានយន្តគ្រប់ ប្រភេទធ្វើចរាចរ និងសម្រាប់ថ្មើរជើងរបស់បងប្អូនប្រ ជាពលរដ្ឋយើង ៕
ដោយ វណ្ណលុក







