កាកបាទក្រហមអំពាវនាវរកជំនួយ ១០០ លានដុល្លារជួយមីយ៉ាន់ម៉ា

ហ្សឺណែវ ៖ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម ហៅកាត់ IFRC នៅថ្ងៃអាទិត្យ បានបើកការអំពាវនាវជាបន្ទាន់មួយ ដើម្បីស្វែងរកថវិកាជាង ១០០ លានដុល្លារ ជួយជនរងគ្រោះក្នុងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅប្រទេសមីយ៉ាន់ម៉ា។

IFRC ដែលជាបណ្តាញមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោកនិយាយថា មីយ៉ាន់ម៉ាបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៧.៧ រិចទ័រកាលពីថ្ងៃសុក្រ ហើយកំពុងដង្ហើយរកជំនួយស្ទើរតែគ្រប់ពេលវេលា។

ដើម្បីបង្កើនការគាំទ្រមីយ៉ាន់ម៉ានោះ IFRC បានចាប់ផ្តើមការអំពាវនាវបន្ទាន់មួយ ដើម្បីស្វែងរកថវិកាប្រហែល ១១៥ លានដុល្លារ ជួយមនុស្សប្រមាណ ១០០.០០០ នាក់ ឬស្មើនឹង ២០.០០០ គ្រួសារ ក្នុងការបំពេញតម្រូវការសង្គ្រោះជីវិត និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ ក្នុងរយៈពេល ២៤ខែខាងមុខនេះ។

IFRC បន្ថែមថា ជាមួយនឹងសីតុណ្ហភាពកើនឡើង និងរដូវមូសុងខិតជិតមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ សហគមន៍ដែលរងផលប៉ះពាល់ត្រូវការស្ថេរភាពជាបន្ទាន់ មុនពេលវិបត្តិបន្ទាប់បន្សំកើតឡើងមាន។

បើតាមអង្គការអន្តរជាតិមួយនេះ មីយ៉ាន់ម៉ានៅតែបន្តប្រឈមមុខនឹងការផ្លាស់ទីលំនៅរបស់ប្រជាជនទូទាំងប្រទេស និងអសន្តិសុខស្បៀង។ ហើយការរញ្ជួយដីនេះ នឹងធ្វើឱ្យស្ថានការណ៍នៅមីយ៉ាន់ម៉ាកាន់តែផុយស្រួយបន្ថែមទៀត។ ដូច្នេះសហគមន៍ពិភពលោកត្រូវតែបោះជំហានទៅមុខដើម្បីគាំទ្រការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងនិរន្តរភាព៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner