ប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ទាក់ទាញយុវជន ៦០ក្រុមចូលរួម បានបញ្ចប់ដោយជោគជ័យ
(ភ្នំពេញ)៖ ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ ២០២៥ ទាក់ទាញបានយុវជន ៦០ក្រុម ក្នុង ១ក្រុម មានកីឡាករចំនួន ២នាក់ ដើម្បីប្រជែងជើងឯកលើ ៤វិញ្ញាសា រួមមាន៖ ១-ការប្រកួតវិញ្ញាសា វាយគួរក្រោមអាយុ១៦ឆ្នាំ, ២-ការប្រកួតវិញ្ញាសា វាយគួរក្រោមអាយុ២៥ឆ្នាំ, ៣-ការប្រកួតវិញ្ញាសា វាយគួរចម្រុះបុរស-នារី និង៤-ការប្រកួតវិញ្ញាសា វាយគូរអាយុ២៥ឆ្នាំឡើង បានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅក្លឹបវាយសី នរា ស្ថិតនៅកោះ នរា រាជធានីភ្នំពេញ ។ នេះជាលើកទី១ ហើយដែលការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតឱកាសសម្រាប់យុវជនកម្ពុជា ក្នុងការជួបជុំគ្នារឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការ ។ ព្រឹត្តិការណ៍នេះ ត្រូវបានផ្តួចផ្តើមឡើងដោយលោក ឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន RTNK Group ។
លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប បានមានប្រសាសន៍ក្នុងពីធីបិទការប្រកួតវាយសី ពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ដោយចាត់ទុកការប្រកួតនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ការគាំទ្រ ចូលរួមលើកស្ទួយវិស័យកីឡាវាយសីនៅកម្ពុជា ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនទៅមុខជាលំដាប់។ ទន្ទឹមនឹងនេះ ការបង្កើតការប្រកួតនេះឡើង ក៏ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា អាចបញ្ចេញសមត្ថភាព និងទេពកោសល្យក្នុងការលេងកីឡា ដែលជាថ្នាលមួយសម្រាប់បណ្តុះធនធានបន្តវេន ។ លើសពីនេះទៅទៀត ព្រឹត្តិការដ៏មានសារៈសំខាន់នេះបានរួមចំណែកជួយដល់យុវជនកម្ពុជា អាចលេងកីឡាដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ចៀសវាងយកពេលវេលាដ៏មានតម្លៃ ទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ។
កីឡាករជ័យលាភីលេខ១ វិញ្ញាសា វាយគូរអាយុ២៥ឆ្នាំឡើង បានបង្ហាញក្ដីរំភើប ព្រោះជាការចូលរួមប្រកួតលើកទី១ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន អ ធី អិន ខេ គ្រុប ដែលរៀបចំឱ្យមានការប្រកួតនេះឡើង និងសុំឱ្យមានការប្រកួតជាបន្តបន្ទាប់ទៀត ។ ជាមួយគ្នា កីឡាកររូបនេះ បានលើកទឹកចិត្តដល់យុវជន ឱ្យចូលរួមលេងកីឡា ដើម្បីទទួលសុខភាពល្អ ក៏ដូចជាចូលរួមជាធនធានកីឡាសម្រាប់ជាតិ ។
សូមជម្រាបថា ពានរង្វាន់ ប្រាក់ឧបត្ថម្ភ និងមេដាយ នៃការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេឆ្នាំ២០២៥ រួមមាន៖ ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ និងមេដាយមាស ប្រាក់ឧបត្ថម្ភចំនួន ១លានរៀល និងរ៉ាកែតក ។ ជ័យលាភីលេខ២ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល មេដាយប្រាក់ និងស្បែកជើង ។ ជ័យលាភីលេខ៣ ទទួលបានប្រាក់ឧបត្ថម្ភ ៦០ម៉ឺនរៀល មេដាយសំរឹត និងកាបូប និងជ័យលាភីលេខ៤ ទទួលបានមេដាយសំរឹទ្ធ និងការដូរអនុស្សាវរីយ៍ ៕












ដោយ ៖ វណ្ណលុក