រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
ក្នុងជំនួប ឯកឧត្តម TAKAHASHI Fumiaki បានវាយតម្លៃខ្ពស់ចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រែងទាក់ទាញនិងគាំទ្រការវិនិយោគ ឆ្លើយតបនឹងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានលើកឡើងពី គោលបំណងសំខាន់ ក្នុងឱកាសជួបជាមួយឯកឧត្តមរដ្ឋមន្រ្តី ដើម្បីស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះឯកឧត្តមបានលើកឡើងថា នឹងមានក្រុមហ៊ុន ក៏ដូចជាសប្បុរសជនជប៉ុនជាច្រើនទៀត នាំយកមកនូវបច្ចេកវិទ្យា និងការគាំទ្រដល់កម្ពុជា ដែលចូលរួមលើកកម្ពស់ ការងារដល់ប្រជាពលរដ្ឋ និងការការពារបរិស្ថានផងដែរ ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម JCA ដែលបានចូលរួមចំណែក ក្នុងការជំរុញឱ្យមានអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា និងបានគាំទ្រដល់កម្ពុជា ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ ជំរុញឱ្យសមាគម ក៏ដូចជាអង្គការដៃគូ បន្តផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធនធានធម្មជាតិ ដើម្បីធានាឱ្យបាននូវលំនឹងសេដ្ឋកិច្ចគ្រួសារ តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃ ពីមុខរបរបន្ថែម ដែលបានមកពីការវិនិយោគផ្ទាល់ និងការវិនិយោគបៃតង ដែលជាគោលដៅចម្បង ឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាព ៕
ដោយ ៖ ង៉ាន់ ទិត្យ









