អាមេរិកគំរាមវាយប្រហារ និងដាក់ពន្ធអ៊ីរ៉ង់ បើមិនចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ បានព្រមានវាយប្រហារ និងដាក់ពន្ធជាបន្តបន្ទាប់ប្រឆាំងអ៊ីរ៉ង់ បើសិនទីក្រុងតេហេរ៉ង់មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេនោះ។
លោកប្រធានាធិបតី ត្រាំ បានប្រាប់សារព័ត៌មាន NBC News ថា ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់កំពុងពិភាក្សាគ្នា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ហើយនេះគឺជាសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីអ៊ីរ៉ង់បានច្រានចោលកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។
យ៉ាងណា មេដឹកនាំអាមេរិករូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា បើសិនអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀងទេ នោះនឹងមានការវាយប្រហារ ហើយគ្រោះថ្នាក់នោះ នឹងក្លាយជារឿងដែលពួកគេមិនដែលឃើញពីមុនមក។ លោក ត្រាំ ថែមទាំងបានអះអាងទៀតថា មានរឿងមួយទៀតដែលនឹងកើតឡើង បើសិនអ៊ីរ៉ង់មិនព្រមធ្វើកិច្ចព្រមព្រៀង នោះគឺអាមេរិកនឹងទម្លាក់ពន្ធជាបន្តបន្ទាប់លើអ៊ីរ៉ង់ដូចកាលពី ៤ ឆ្នាំមុន។
រីឯអ៊ីរ៉ង់បានផ្ញើការឆ្លើយតបតាមរយៈប្រទេសអូម៉ង់ ទៅកាន់លិខិតមួយពីលោក ត្រាំ ដែលជំរុញឱ្យទីក្រុងតេហេរ៉ង់ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ដោយដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា គោលនយោបាយរបស់ប្រទេសអ៊ីរ៉ង់ គឺមិនចូលរួមការចរចាដោយផ្ទាល់ជាមួយអាមេរិក ខណៈស្ថិតក្រោមយុទ្ធនាការសម្ពាធអតិបរមា និងការគំរាមកំហែងផ្នែកយោធានោះទេ។
នៅក្នុងអាណត្តិដំបូងក្នុងឆ្នាំ ២០១៧-២០២១ លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលបានដាក់កម្រិតយ៉ាងតឹងរឹងលើសកម្មភាពនុយក្លេអ៊ែរ ដែលមានជម្លោះរបស់ទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ លោក Trump បានដាក់ទណ្ឌកម្មអ៊ីរ៉ង់ឡើងវិញ ហើយចាប់តាំងពីពេលនោះមក ទីក្រុងតេហេរ៉ង់បានចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម កើនលើសពីដែនកំណត់ដែលបានព្រមព្រៀងគ្នា៕
ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា
