លោក ត្រាំ ខឹងលោក ពូទីន ដែលបង្អាក់បទឈប់បាញ់ និងគំរាមយកពន្ធ ៥០ ភាគរយប្រទេសទិញប្រេងរុស្ស៊ី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខឹងសម្បារជាខ្លាំងជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលធ្វើឲ្យកិច្ចចរចាបទឈប់បាញ់ជាមួយអ៊ុយក្រែនត្រូវជាប់គាំង និងបានគំរាមយកពន្ធដល់ទៅ ៥០% លើប្រទេសដែលហ៊ានទិញប្រេងពីរុស្ស៊ី ប្រសិនបើលោក ពូទីន មិនយល់ព្រមទទួលយកបទឈប់បាញ់។

ក្នុងបទសម្ភាសន៍តាមទូរស័ព្ទរយៈពេល ១០នាទីជាមួយសារព័ត៌មាន NBC លោកប្រធានាធិបតី ត្រាំ និយាយថា រូបលោកខឹងលោក ពូទីន ជាខ្លាំង ហើយ បានព្រមានថា បើសិនលោក ពូទីន មិនព្រមទទួលយកឈប់បាញ់ទេ នោះលោកនឹងដាក់ទណ្ឌកម្មយកពន្ធ ៥០% លើប្រទេសដែលទិញប្រេងរុស្ស៊ី ព្រោះនោះគឺជាកំហុសទីក្រុងមូស្គូ។

ជាមួយគ្នានេះ លោក ត្រាំ ក៏បានរិះគន់ចំៗលើសំណើលោក ពូទីន ដែលចង់ជំនួសលោកប្រធានាធិបតី ហ្សេលេនស្គី ជាមួយនឹងរដ្ឋាភិបាលបណ្តោះអាសន្ន ដោយលោកបានហៅសំណើនេះថា ជាការប្រឆាំងទៅនឹងការទទួលបានសន្តិភាព។

ចំណែកលោក ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គមថា រុស្ស៊ីនៅតែបន្តស្វែងរកលេស ដើម្បីអូសបន្លាយសង្រ្គាមនេះឱ្យកាន់តែយូរទៅៗ និងថា លោក ពូទីន កំពុងលេងហ្គេមដូចគ្នាដែលគាត់ធ្លាប់ធ្វើតាំងពីឆ្នាំ ២០១៤ នៅពេលដែលរុស្ស៊ីដាក់បញ្ចូលឧបទ្វីបគ្រីមៀជាឯកតោភាគី។

មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា បញ្ហានេះនឹងមានគ្រោះថ្នាក់សម្រាប់មនុស្សគ្រប់គ្នា ហើយគួរតែមានការឆ្លើយតបសមស្របពីសហរដ្ឋអាមេរិក អឺរ៉ុប និងដៃគូសកលរបស់យើងទាំងអស់ដែលស្វែងរកសន្តិភាពពិតប្រាកដ។

រុស្សីបានបើកការវាយលុកពេញទំហឹងលើប្រទេសជិតខាងរបស់ខ្លួនគឺអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងបានប្រហែល ២០%ហើយ នៃទឹកដីអ៊ុយក្រែន។ យោងតាមទិន្នន័យវិភាគដោយ BBC បានបង្ហាញថា យោធារុស្ស៊ីដែលបានស្លាប់ចាប់តាំងពីពេលនោះមក មានជាង ១០០.០០០ នាក់ ខណៈដែលសង្រ្គាមអ៊ុយក្រែនឈានចូលដល់ឆ្នាំទី ៤។

រីឯអ៊ុយក្រែនបានធ្វើបច្ចុប្បន្នភាពចុងក្រោយ នៃតួលេខជនរងគ្រោះស្លាប់ និងរងរបួសក្នុងខែធ្នូ ឆ្នាំ ២០២៤ ដោយលោកប្រធានាធិបតី ហ្សេលេនស្គី បានទទួលស្គាល់ថា ជនជាតិអ៊ុយក្រែនប្រហែល ៤៣.០០០ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះរួមមានទាំងទាហាន និងមន្រ្តី។ ប៉ុន្តែអ្នកវិភាគលោកខាងលិចជឿជាក់ថា តួលេខនេះគ្រាន់តែជាការប៉ាន់ស្មាននៅឡើយទេ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner