ឯកឧត្តម ស សុខា ផ្តល់អនុសាសន៍ជាគន្លឹះឈានឆ្ពោះទៅរកសក្កានុពលទាំងកម្រិតជាតិនិងអន្តរជាតិ
(ភ្នំពេញ)៖សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា នាសៀល ថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២៥ នៅទីស្តីការ ក្រសួងមហាផ្ទៃ បានបើកមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និង លើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង កម្ពុជា។
បន្ទាប់ពីស្តាប់របាយការណ៍ការងារដែលលើកឡើង ដោយឯកឧត្តម បណ្ឌិត មាស សារិន អគ្គលេខាធិការសហព័ន្ធនិងរបាយការណ៍ហិរញ្ញវត្ថុស្តីអំពីចំណូលចំណាយដែលអានដោយ កញ្ញា មាស តឿ អគ្គហិរញ្ញឹករួចមក ឯកឧត្តម អភិសន្តិបណ្ឌិត បានកោតសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការប្រតិវត្តិទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្របង្កលក្ខណៈឱ្យសហព័ន្ធសម្រេចបានលទ្ធផលកាន់តែល្អប្រសើរទាំងការងារហ្វឹកហាត់ប្រកួតនៅក្នុងស្រុក និងការចេញទៅប្រកួតនៅក្រៅប្រទេស ដោយទទួលបានផលទ្ធផលល្អមកជូនជាតិជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤។
សម្រាប់ទិសដៅបន្តក្នុងឆ្នាំ២០២៥នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជាគន្លឹះឈានឆ្ពោះទៅរកសក្កានុពលទាំងកម្រិតជាតិ និងអន្តរជាតិ ទី១. ឯកឧត្តម សរ សិទ្ធិរដ្ឋលេខាធិការ ទទួលខុសត្រូវការងាររួមរបស់សហព័ន្ធពិនិត្យឱ្យបានស៊ីជម្រៅផ្តល់ជូននូវអ្វីដែលជាម្រូវការចាំបាច់ក្នុងការអភិវឌ្ឍ និងសូមឱ្យអភិបាលខេត្តស្វាយរៀងជួយពន្លឿនរៀបចំទីតាំងហ្វឹកហាត់ជូនកីឡាករគ្រូបង្វឹកដែលជាមូលដ្ឋានអភិវឌ្ឍបច្ចេកទេស ។
ទី២. ស្នើសុំដល់ក្រសួងអប់រំយុវជននិងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមពិនិត្យមើលសម្របសម្រួលផ្តល់ជូនចំនួនកីឡាករកីឡាការិនីជម្រើសជាតិសមស្របទៅនិងការហ្វឹកហាត់ត្រៀម ដើម្បីទទួលបានសក្កានុពល ។
ទី៣. ចំពោះការហ្វឹកហាត់វិញមន្រ្តីជំនាញរបស់សហព័ន្ធគួរតែសម្រេចជ្រើសរើសយកតែវិញ្ញាសាណាអាចមានភាគរយខ្ពស់ក្នុងការប្រជែងមេដាយ ដើម្បីឱ្យកីឡាករកីឡាការិនីយើងហ្វឹកហាត់បំប៉ន ។
ទី៤.វិញ្ញាសាណាដែលបញ្ជូនទៅចូលរួមប្រកួតនៅក្រៅប្រទេស ហើយ យើងឈ្នះមេដាយ យើងត្រូវតម្រង់ទិសត្រៀមឆ្នាំ២០២៩ កីឡាអូឡាំពិកយុវជនអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយក្នុងនោះ ត្រូវញែកចេញជាពីរ គឺ បំពាក់បំប៉នកីឡាករកីឡាការិនី និងបំពាក់បំប៉នមន្រ្តីបច្ចេកទេស ពិសេស ត្រូវខិតខំផ្សព្វផ្សាយធ្វើឱ្យកីឡាយើងកាន់តែមានប្រជាប្រិយភាពដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រ។
ទី៥.សូមផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សមន្រ្តីអាជ្ញាកណ្តាលចៅក្រមជាការពង្រីកនិងពង្រឹងដល់ក្លឹបរាជធានីខេត្ត ឱ្យបានយល់ដឹងក្នុងស្តង់ដាតែមួយ ព្រោះទិសដៅយើងនិងរៀបចំការប្រកួតនៅថ្នាក់ខេត្ត ហើយមន្រ្តីថ្នាក់ខេត្ត គឺអាចធ្វើការបាននិងជួយបានផ្នែកបច្ចេកទេស ដែលជាការផ្តល់ឱកាសដល់មន្រ្តីថ្នាក់ខេត្តបានអភិវឌ្ឍសមត្ថភាព និងកាត់បន្ថយការចំណាយទៅលើមន្រ្តីបច្ចេកទេសយកពីសហព័ន្ធទៅទាំងស្រុង។
ទី៦. ត្រូវរៀបចំការប្រកួតនៅក្នុងស្រុកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យើងត្រូវរៀបចំជាពាក់កណ្តាលអាជីព និងពាក់កណ្តាលមហាជន ដោយមានការបន្ធូបន្ថយនូវលក្ខន្តិកៈច្បាប់ធ្វើយ៉ាងឱ្យតែគ្រប់រាជធានីខេត្តបានចូលរួមច្រើន ព្រោះការចូលរួមផុសផុល និងជួយទាក់ទាញចំណាប់អារម្មណ៍មហាជននិងយុវជនចាប់អារម្មណ៍ទស្សនា និងចង់ចូលហ្វឹកហាត់ក្លាយជាកីឡាករកីឡាការិនី ហើយ យើងនិងទទួលបាននូវធនធានសប្បូបែបនៅពេលខាង។
ទី៧. រាល់ការប្រកួតដែលសហព័ន្ធរៀបចំយើងត្រូវបង្កើតព្រឹត្តិការណ៍អម ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋជាការបន្ថែមភាពទាក់ទាញ។
ជាមួយគ្នានោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានជំរុញបន្ថែមឱ្យ ឯកឧត្តម សរ សិទ្ធិ បន្តដឹកនាំប្រជុំប្រចាំខែ ដើម្បីតាមដានពិនិត្យរាល់ការខ្វះខាត ដើម្បីបន្តអនុវត្តការងារឱ្យស្របតាមទិសដៅផែនការមេប្រចាំឆ្នាំរបស់សហព័ន្ធ។ សូមបន្តសិក្សាអំពីចំណុចខ្លាំង និងចំណុចខ្សោយ ពិសេស រាល់ការជ្រើសរើសកីឡាករកីឡាការិនីត្រូវមើលជំនាញទេពកោសល្យ ដើម្បីឱ្យសិទ្ធផលនិងគុណផលបានល្អទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ។ត្រូវបន្តបណ្តុះបណ្តាលធនធានមនុស្សជាពិសេស ដល់មន្រ្តីអាជ្ញាកណ្តាលចៅក្រមនិងមន្រ្តីបច្ចេកទេសឱ្យដើរទាន់បទរិបទរបស់ពិភពលោក។ត្រូវបន្តពង្រីកនិងពង្រឹងទំនាក់ទំនងអន្តរជាតិឱ្យកាន់តែល្អជាមួយបណ្តាលប្រទេសនានា៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ














