ថ្ងៃនេះ ខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណ​ក្រុមជំនុំ​ព្រះត្រៃបិដក

ភ្នំពេញ៖ ថ្ងៃនេះទី១ ខែមេសា ឆ្នាំ២០២៥ គឺជាខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែ​គម្ពីរ​​ព្រះត្រៃបិដកខ្មែរ និងរំលឹកគុណ​ក្រុមជំនុំ​​ព្រះត្រៃ​បិដក(១ មេសា ១៩៦៩ – ១ មេសា ២០២៥)។ជាមោទកភាពជាតិបំផុតនោះ​ព្រះត្រៃបិដកខ្មែរត្រូវ​បាន​ធ្វើការ​​បកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះ​សាសនា​ទាំងអស់ក្នុង​លោក​។

គេហទំព័រព្រះពុទ្ធសាសនា៥ ០០០ បានសរសេរថា គម្ពីរព្រះត្រៃបិដកគឺជាឃ្លាំង​ផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់​ទេសនា ទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់ដឹងជាព្រះសម្ពោធិ​ញ្ញាណ​រហូតដល់ព្រះអង្គបានចូលបរិនិព្វាន។ វចនៈដែលទ្រង់បានសម្ដែងនេះហៅថាធម្មវិន័យ។

ធម្មវិន័យនេះចែកជា៣ផ្នែក៖ វិន័យ សុត្តន្ត និងអភិធម្ម ទាំងបីចំណែកនេះ​ព្រះថេរទាំងឡាយបានសង្គាយនា​​​(ផ្ទៀងផ្ទាត់) ចងក្រងទុកដាក់និងបែងចែកជា​ក្រុមហៅថា៖ បិដក ឬព្រះត្រៃបិដកដែលជាបណ្ណាល័យ​ដ៏សំខាន់​បំផុតសម្រាប់​ផ្ទុកនូវ​ពុទ្ធវចនៈទាំងនេះ។

គម្ពីរព្រះត្រៃបិដកមានចំនួនច្រើនជាងគម្ពីរវេទ(ព្រហ្មញ្ញសាសនា) និងច្រើនជាង​គម្គីរប៊ីប(គ្រឹស្តសាសនា)១១ដង។ នៅប្រទេសកម្ពុជាគម្ពីរព្រះត្រៃបិដកត្រូវបានក្រុមជំនុំព្រះត្រៃបិដកខ្មែរធ្វើការបកប្រែពីភាសាបាលីមកជាភាសាខ្មែរដើម្បីជាមធ្សោបាយងាយស្រួលក្នុងការ មើល អាន សិក្សា ស្វែងយល់ រៀនសូត្រអំពីទ្រឹស្តីក្នុងព្រះពុទ្ធសាសនា។

ចំណុចពិសេសមួយគឺព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក។

គម្ពីរព្រះត្រៃបិដកជាភាសាខ្មែរសរុបទាំងអស់មានចំនួន១១០ក្បាល។
១. វិន័យបិដក មានចំនួន១៣ក្បាល ៥គម្ពីរ (ភាគ១ – ១៣)
២. សុត្តន្តបិដក មានចំនួន៦៤ក្បាល ៥គម្ពីរ (ភាគ១៤ – ៧៧)
៣. អភិធម្មបិដក មានចំនួន៣៣ក្បាល ៧គម្ពីរ(ភាគ៧៨ – ១១០)

គប្បីជម្រាបជូនទៀតថា ពុទ្ធសាសនបណ្ឌិត្យបានបង្កើតគណៈកម្មការព្រះ​ត្រៃបិដក​នៅឆ្នាំ១៩២៩ ដោយមានព្រះសង្ឃរាជ​ទាំងពីរគណៈជាប្រធាន និងមានសមាជិក ៤០ អង្គប្លាយ និងឧបាសក ដែលមានវិជ្ជាខ្ពង់ខ្ពស់ផ្នែក​ព្រះពុទ្ធសាសនា និងភាសាបាលី ។ ភាគទី១នៃព្រះត្រៃបិដកបានប្រសូតឡើងជាសៀវភៅមាន ២ ភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង បោះពុម្ពនៅឆ្នាំ ១៩៣១ ហើយភាគ១១០ជាភាគចុងក្រោយ​បានបោះពុម្ពផ្សាយជាដំបូងនៅឆ្នាំ ១៩៦៨ ក្នុងមួយភាគៗ​ជាទូទៅ​ជាង៤០០​ទំព័រ ។ ការប្រែបិដកនេះ មានការលំបាក នឿយហត់ស៊ូទ្រាំ ទម្រាំបានរួចរាល់​ប្រើពេលអស់ជិត៤០ឆ្នាំ។ ព្រះត្រៃបិដកខ្មែរយើងបានសម្ភោធ និងធ្វើបុណ្យ​ឆ្លងនៅថ្ងៃទី ១ – ២ ខែមេសា ឆ្នាំ ២៥១៣-១៩៦៩៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner