អន្តរក្រសួង ឯកភាពគ្នាសំដៅផ្តល់សេវាគាប់ចិត្តជូន​ប្រជាជន​កម្ពុជា រួមចំណែកសម្រេចគោលដៅយុទ្ធសាស្រ្តអាទិភាព​របស់​រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​យុតិ្ត​ធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានឯកភាពគ្នាលើការ​ជម្រះ​ចេញនូវនីតិវិធីស្មុគស្មាញ និងនីតិវិធីមិនចាំបាច់មួយ​ចំនួន សំដៅផ្តល់សេវាគាប់ចិត្តជូនប្រជាជនកម្ពុជា ។

បន្ទាប់ពីឈានទៅជិតបញ្ចប់ការចុះបញ្ជីដីធ្លីនាពេលឆាប់ៗខាងមុខ ក្រៅពីការបន្តដោះស្រាយវិវាទដីធ្លី ការរក្សាអាយុជីវិត​បឹងទន្លេសាប តំបន់រមណីយដ្ឋានអង្គរ និងបញ្ហាចម្រូង​ចម្រាស​ក្នុ្ងងបុរី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាននិងកំពុងគិតគូរ និងជំរុញសេវាគាប់ចិត្ត ដែល​ជាផ្នែកមួយនៃការបង្កើតបរិយាកាសមិនមានវិវាទដែលក្រសួងបានដាក់ចេញ ដោយនៅក្នុងនោះក្រសួងបាន និងកំពុង​ប្រែ​ក្លាយប្រភេទសេវាសាធារណៈ ឱ្យទៅជាសេវាអន​ឡាញ​ក្នុងគោលបំណងផ្តល់សេវាគាប់ចិត្តសម្រាប់ ប្រជាជនកម្ពុជា​គ្រប់រូប និងពង្រីកបន្ថែមនូវមូលដ្ឋានសេដ្ឋកិច្ច ដើម្បីទ្រទ្រង់​ចំណូលចរន្តថវិកាជាតិ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការ​សម្រេចគោលដៅយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងផង និងរាជរដ្ឋាភិបាលផង។

ការឯកភាពគ្នានេះបានធ្វើឡើងនៅកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើការងារសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាននិងអង្គភាព​ចំណុះក្រសួង ដនស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងយុតិ្តធម៌ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុរិយោដី រាជធានី-ខេត្ត នាទីស្តីការក្រសួង ។

ជាមួយគ្នានេះ ចំណូលពីសេវាសាធារណៈរបស់ក្រសួង បាននិងកំពុងរួមចំណែកយ៉ាងពេញទំហឹងលើការលើកទឹកចិត្ត និងលើកកម្ពស់ជីវភាពមន្រ្តីអនុវត្តការងារ ដោយធានា​បាន​នូវគុណភាព និងនិរន្តភាពនៃសេវាសាធារណៈ ដែលធ្វើឱ្យ​ស្ថា​ប័ន​កាន់តែរឹងមាំ ហើយក៏បាននឹងកំពុងឆ្លើយតបទៅ​នឹង​យុទ្ធសាស្រ្តសមរភូមិទី២របស់ក្រសួង គឺការពូនជ្រំរដ្ឋបាល​សាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ។

គួរបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បី៖

  • ពិនិត្យ និងកែសម្រួលកម្រៃសេវា ស្របតាមស្ថានភាពសេដ្ឋកិច្ចនិងសង្គម
  • សម្របសម្រួលនិងជម្រុញក្នុងការពន្លឿននីតិវិធី លើការរៀបចំប្រកាសអន្តរក្រសួងចំនួន៦
  • សម្របសម្រួល និងជំនួយបច្ចេកទេស ក្នុងការស្នើសុំបន្ថែមមុខសេវាថ្មី
  • ពិនិត្យលើការបែងចែកលើកម្រៃសេវា

យោងតាមប្រកាសអន្តរក្រសួងទាំង៤ សេវាសាធារណៈរបស់ក្រសួង ដ.ន.ស. សរុបមានចំនួនជាង ៤០០ប្រភេទ និងចែកជា ១,១១៦ មុខសេវា ក្នុងនោះ៖
បែងចែកចេញជា៖ (១)សេវាសុរិយោដី, (២) សេវាសំណង់, (៣) សេវាផ្តល់អាជ្ញាបណ្ណ, (៤) សេវាថតចម្លងឯកសារប្លង់, និង (៥) សេវាពិគ្រោះយោបល់ ។
បច្ចុប្បន្ន សេវាផ្តល់ដោយថ្នាក់មន្ទីរដ.ន.ស.ស. រាជធានីខេត្ត មានចំនួន ៦០៨មុខសេវា ក្នុងនោះ សេវាចំនួន ២១មុខសេវា ស្មើនឹង ៣% នៃសេវាសរុប បានដាក់ឱ្យប្រើប្រាស់សេវាអនឡាញ រួមមាន ៖

  • សេវាសុរិយោដីមាន ដាក់/ដកហ៊ីប៉ូតែក បញ្ចាំ លក់ផ្តាច់ និងអំណោចផ្តាច់ ទូទាំងប្រទេស (១៤មុខសេវា)
  • សេវាសុរិយោដី មានបង្រួមក្បាលដី បំបែកក្បាលដីដោយមិនផ្ទេរ បំបែកលក់ផ្តាច់ បំបែកអំណោយផ្តាច់ បំបែកចំណែកឯកជននៃអគារសហកម្មសិទ្ធិ និងបំបែកកម្មសិទ្ធិទ្រព្យអវិភាគ អនុវត្តសាកល្បងនៅរាជធានីភ្នំពេញ (៧មុខសេវា)។

សូមជម្រាបជូនថា ជាលទ្ធផល ក្រោយការដាក់ឱ្យ​អនុវត្តនូវ​សេវា ដាក់/ដកហ៊ីប៉ូតែក បញ្ចាំ លក់ផ្តាច់ និងអំណោចផ្តាច់ ១៤មុខ សេវា នៅទូទាំងប្រទេស កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ការស្នើសុំស្នើសេវាអនឡាញ នៅមន្ទីរ មានចំនួន ២៧, ៨៦៥សំណើ និងបានចំណូល​ជាង ៣.៧លានដុល្លារអាមេរិក ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner