សមាជិកសភាអាស៊ី នឹងចូលរួមសហការគាំទ្រចំពោះសភាកម្ពុជា ក្នុងបុព្វហេតុសុខុមាលភាពពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាជនមានសុខភាពល្អ
(ភ្នំពេញ)៖ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ បានសន្យាថា សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ នឹងផ្តល់ការសហការគាំទ្រចំពោះសភាកម្ពុជាក្នុងបុព្វហេតុសុខុមាលភាពពលរដ្ឋធ្វើយ៉ាងណាឱ្យប្រជាជនមានសុខភាពល្អ ។ ជាក់ស្តែងនៅខែឧសភាខាងមុខនេះ នឹងមានវេទិកាទាក់ទងនឹងមនុស្សចាស់ ត្រូវបានប្រារព្ធធ្វើនៅកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះ បានកើតចេញពីកិច្ចសហប្រតិបត្តិការល្អ រវាង សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ និងសភាកម្ពុជា ដែលមានគណៈកម្មការទី៨ ជាសេនាធិការនោះដែរ ។
នេះតាមការបញ្ជាក់របស់ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ ដែលហៅកាត់(AFPPD) ខណៈចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ នឹងគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងទស្សនៈ នៅក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » ដែលសភាកម្ពុជា បានរៀបចំធ្វើឡើង នៅវិមានរដ្ឋសភា កាលពីថ្ងៃទី៣១ ខែមីនាមិ្សលមិញនេះ ។
លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ បានវាយតម្លៃខ្ពស់អំពីការចូលរួមរបស់សភាកម្ពុជា ក៏ដូចជាការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា ក្នុងពិធីបើកសិក្ខាសាលាសភាតំបន់ កាលពីម្សិលមិញ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពពលរដ្ឋពីសំណាក់សភាកម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្នដែលមានការខុសគ្នាឆ្ងាយពីឆ្នាំ២០១២ ពេលដែលលោកបណ្ឌិត បានមកដល់កម្ពុជាជាលើកទី១នោះ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរថា ក្នុងរយៈពេលកន្លងមកនេះ សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ បានធ្វើការយ៉ាងសកម្ម និងបានរួមវិភាគទានដ៏មានតម្លៃដល់ការងារប្រជាជន និងការអភិវឌ្ឍ តាមរយៈការផ្តល់ឱកាសឱ្យសមាជិកសភាពីក្នុងតំបន់អាស៊ី បានជួបជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា សំដៅដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ជាពិសេស បញ្ហាសុខភាព យេនឌ័រ ការលើកកម្ពស់ស្រ្តី និងក្មេងស្រី បញ្ហាយុវជន និងបញ្ហាចាស់ជរា ជាដើម។ បន្ថែមពីនេះ សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ ក៏តែងបានគាំទ្រ និងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកម្ពុជា តាំងពីនីតិកាលមុនៗ រហូតបច្ចុប្បន្ន។
រដ្ឋសភាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវេទិកា សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ ដែលក្នុងរយៈពេលកន្លងមក បានជួយគាំទ្រ និងផ្តល់កិច្ចសហការជាមួយរដ្ឋសភាកម្ពុជានាពេលកន្លងមក ក្នុងការលើកកម្ពស់វិស័យសុខភាពនិងសុខុមាលភាពសង្គម ជាពិសេសកិច្ចសហការរៀបចំវេទិកាសភាតំបន់ដ៏មានសារៈសំខាន់នាពេលនេះ ៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ