សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គំាទ្រការរៀបចំវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨រដ្ឋសភា ជា មួយអង្គការសុខភាពពិភពលោក (WHO)
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីអានណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងការចូលរួមសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី«បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » នៅវិមានរដ្ឋសភា កម្ពុជា កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះគម្រោងរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ខាងមុខនេះ ។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ នឹងដើរតួនាទីជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សមាជិកសភាក្នុងការផ្លាស់ប្តូរយោបល់ ការកសាងគោលនយោបាយ ការពង្រឹងសមត្ថភាពនិងការជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកសកម្មភាពសុខភាពប្រកបដោយចីរភាព។ សម្តេចរដ្ឋសភាធិបតី បានរំលេចថាសមាជិកសភា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំអនាគតវិស័យសុខាភិបាល តាមរយៈការអនុម័តច្បាប់ ការផ្តល់មូលនិធិ ការបែងចែកធនធាន ការធានានូវគណនេយ្យភាព និងតម្លាភាពរបស់រដ្ឋាភិបាល ដោយធ្វើការសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែងសម្រាប់គោលដៅជាតិ និងសកល រួមទាំងការលើកកម្ពស់ការចូលរួមពីសាធារណជនក្នុងកិច្ចពិភាក្សា ស្ដីពីសុខភាព។

សម្តេចមានជំនឿមុតមាំថា វេទិកានេះនឹងផ្តល់នូវឱកាស ក៏ដូចជាបរិយាកាសដ៏សមស្រប ហើយនិងបើកចំហទូលំទូលាយ ក្នុងការសហការគ្នាបង្កើតការធ្វើនវានុវត្តន៍ និងការបង្កើតដំណោះស្រាយ ដើម្បីបង្កើនប្រព័ន្ធថែទាំសុខភាព។

លោកស្រី ម៉ារីអានណា ទ្រីអាស បានជម្រាបជូនសម្តេចពីគម្រោងនានាដែល WHO នឹងបន្តសហការជាមួយគណៈកម្មការទី៨រដ្ឋសភា ដើម្បីជួយលើការពង្រឹងប្រព័ន្ធសុខាភិបាល និងសុខមាលភាពប្រជាពលរដ្ឋ។ លោកស្រី ម៉ារីអានណា ទ្រីអាស បានគូសបញ្ជាក់ថា ការថែរក្សាសុខភាពបឋម(Primary Health Care)នៅថ្នាក់មូលដ្ឋាន ជាការសំខាន់ ដូច្នេះការចូលរួមពីគ្រួសារនិងសហគមន៍ ដើរតូនាទីសំខាន់ នៅក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល។ ចំណែកការប៉ះពាល់សុខភាពពីបម្រែបម្រួលអាកាសធាតុ ក៏ជារបៀបវារៈសំខាន់ ថ្មីរបស់WHO ផងដែរ។ បញ្ហាសុខភាពផ្លូវចិត្ត ក៏ជាបញ្ហាសាកល មួយកំពុងប្រឈមខ្លាំងណាស់ដែរចំពោះសុខភាពសាធារណៈ ដែលជាផ្នែកមួយនៃជំងឺមិនឆ្លងនោះ។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សភាកម្ពុជា លើបញ្ហាសុខភាពហើយបានរៀបចំវេទិកាសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី«បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » កាលពីថ្ងៃទី៣១ខែមីនា ទទួលបានជោគជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនក្នុងកម្រិតជាតិនិងអន្តរជាតិ ចូលរួមផ្តល់យោបល់យ៉ាងផុសផុល ស្វែងរកមធ្យោបាយ រួមទាំងការទប់ស្កាត់ ការបង្ការ ជំងឺមិនឆ្លង(NCD)។
ជាថ្មីម្តងទៀត សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តឡើងក្នុងពេលឆាប់ៗនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងភាពជាដៃគូពហុភាគី ក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពនានាប្រកបដោយនិរន្ដរភាព និងបរិយាបន្ន។ យើងខ្ញុំនឹងទន្ទឹមរង់ចាំនូវវេទិកាដ៏សំខាន់នេះ៕
ដោយ ៖ ហេង សម្បត្តិ+ថេត