ក្រសួងកសិកម្មគាំទ្រឱ្យមានការដាំដុះដើមមន និង ចិញ្ចឹម​ដង្កូវ​នាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃ​មរត៌ក​វប្បធម៌អរូបី

(ភ្នំពេញ)៖ គិតចាប់តាំងតែពីខែមីនា ឆ្នាំ២០២៤-ខែមីនា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ដែល​បានចាប់ដៃ សហការ ជាមួយ ក្រុមហ៊ុន សិប្បករអង្គរ បាន​ធ្វើការដាំស្ដារឡើងវិញចម្ការដើមមន និង ការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់ សិប្បកម្ម តម្បាញ ។

ជាលទ្ធផល កិច្ចសហការយ៉ាងជាប់លាប់រវាងក្រសួង និង​ក្រុមហ៊ុន បានជួយឱ្យសិប្បកម្មតម្បាញសូត្រអាច​ដំណើរ​ការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹម​ដង្កូវនាង ស្រាវសូត្រ និងតម្បាញ នៅចុងខែសីហា ឆ្នាំ២០២៤ ពោលគឺក្នុងរយៈពេលតែ ៥ខែប៉ុណ្ណោះ។

ក្រសួងកសិកម្មបានឱ្យដឹងថាតាមរយៈអនុសាសន៍ណែនាំពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បើទោះបីជាក្រុមហ៊ុន​មួយនេះអាចដំណើរការឡើងវិញបានទាំងស្រុងហើយក៏ដោយ ក្រុមការងារដឹកនាំដោយលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា កំពុងបន្តធ្វើការយ៉ាងជាប់លាប់ជាមួយក្រុមហ៊ុន ដោយបានផ្ដល់ដើមមន និងពងដង្កូវនាង ព្រមទាំងបច្ចេក​ទេស​ចាំបាច់នានា ធ្វើយ៉ាងណារក្សាឱ្យបាននូវដំណើរ​កសារ​ខ្សែច្រវាក់ផលិតកម្មសូត្រខ្មែរ ដែលជាមរត៌កវប្បធម៌អរូបី​របស់ជាតិ។

ដោយឡែកនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ចម្ការមន និង​សិប្បកម្ម​តម្បាញរបស់ក្រុមហ៊ុនសិប្បករអង្គរ នាចុងខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ អ៊ឹម រចនា បានរំឭកឡើងវិញ​នូវ​ប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដែលបាន​លើក​ឡើងថា ការស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ នឹង​អាចជួយផ្ដល់ការងារបន្ថែមដល់កសិករ និងចូលរួមចំណែក​ដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌​ដ៏​ចំណាស់មួយរបស់ខ្មែរឱ្យបានគង់វង្សយូរអង្វែង។

បើតាមលោកជំទាវ អ៊ឹម រចនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ទៅតាម​លទ្ធ​ភាព លើផ្នែកដាំដុះដើមមន និងចិញ្ចឹមដង្កូវនាង ដែលស្ថិត​ក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង។

ការស្រាវជ្រាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រកឃើញ​ថា សូត្រខ្មែរមានប្រវត្តិយូរអង្វែងណាស់ ហើយទំនងជាបាន​ចាប់​កំណើតតាំងពីសម័យបុរេប្រវត្តិ តាមរយៈការរកឃើញ​ភស្ដុ​តាង​មួយចំនួន នៅស្ថានីយសំរោងសែន ក្នុង​ខេត្តកំពង់​ឆ្នាំង និងស្ថានីយម្លូព្រៃ ក្នុងខេត្តព្រះវិហារ គឺតាំងពីមុនខ្មែរ ទទួលឥទ្ធិពលពីឥណ្ឌាទៅទៀត។ កាលសម័យនោះ គេត្បាញ​សូត្រ ដើម្បីស្លៀកពាក់ក្នុងកុលសម្ព័ន្ធ ក្នុងក្រុម ឬក្នុងសហគមន៍ ដែលរស់នៅតាមតំបន់ភ្នំ ឬតំបន់ខ្ពង់រាប។ លុះមកដល់សម័យដែលខ្មែរមានស្តេចគ្រងរាជ្យ គេបែង​ចែក​សម្លៀកបំពាក់ដែលត្បាញពីសូត្រតាមលំដាប់ តាំងពីប្រជា​ជនធម្មតា រហូតដល់ព្រះមហាក្សត្រ ដោយកំណត់តាមពណ៌ និងក្បាច់ផ្កា។ ប្រជាជនចាប់ផ្ដើមចិញ្ចឹមនាង ដាំមនជាដើម ដែលធ្វើឱ្យសូត្រខ្មែរកាន់តែល្បី ហើយឥណ្ឌា និងចិន​ចេញ​ចូល​ខ្មែរច្រើន ដើម្បីធ្វើជំនួញ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner