រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ព័ត៌មានក្លែងក្លាយពិតជា​មានគ្រោះ​ថ្នាក់ធ្ងន់បំផុតចំពោះជាតិ និងសង្គម

(ភ្នំពេញ)៖ក្នុងការបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ​ដោយ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»
នៅ​ថ្ងៃ​​ទី​១ ខែមេសា ឆ្នាំ២០២៥ នេះរដ្ឋក្រសួងមន្រ្តីក្រសួង​ព័ត៌មាន បានអំពាវនាវ ដល់គ្រប់ភាគី ចូលរួម ប្រយុទ្ធប្រឆាំង​ព័ត៌មានក្លែងក្លាយ ដែលជាការមួយកំពុងជួបបញ្ហាប្រឈម​ទាំងកម្ពុជា ក៏ដូចជាបញ្ហាពិភពលោកនាពេលបច្ចុប្បន្ន។

ក្នុងពិធីប្រកាសជាផ្លូវការនៃការបើកយុទ្ធនាការលើកដំបូងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ត្រូវបានក្រសួង​ព័ត៌មាន​ឱ្យដឹងថាមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ​ក្រសួងព័ត៌មាន ថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានី ខេត្ត ដែលទទួលបន្ទុកការងារព័ត៌មាន អ្នកសារព័ត៌មានជាតិ អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ដោយបានចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ប្រមាណជាង១ពាន់នាក់។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែង ដោយ​ចោទសួរថាតើមូលហេតុអ្វីទើបជំរុញ​ឱ្យមាន​ការបើក​យុទ្ធនាការដោយ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដោយឯកឧត្តមរដ្ឋមន្រ្តីបានពន្យល់ថាបច្ចុប្បន្ននេះប្រជាពលរដ្ឋភាគច្រើនបានទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយបែបទំនើបក្នុងនេះដូចជាបណ្តាញទំនាក់ទំនងសង្គម Instagram Tik Tok Messenger ជាដើម។ ហេតុនេះហើយទើប បង្កើតឱ្យ​មាន​ការចោទឡើង ទៅលើជំនឿទុកចិត្តនៃការប្រើប្រាស់​ប្រព័ន្ធ​​ព័ត៌មាន ។ អញ្ចឹង!ដោយសារតែព័ត៌មានពិត និងព័ត៌​មាន​ក្លែងក្លាយនៅលាយឡំគ្នា ហេតុនេះហើយទើបបាន​បង្កើត​ឱ្យចោទជាសំណួរដែលថាតើព័ត៌មាននោះ​ពិតឬក៏មិន​ពិត ក្នុងចំណោមអ្នកប្រើប្រាស់ ។ ទាំងអស់នេះហើយបង្ហាញ​ពី​អសុវត្តិភាពក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋ ធ្វើឱ្យពួក​គាត់ មានឧបសគ្គជាមួយដែលថាព័ត៌មានដែលកើត​មាន​ឡើង​នេះពិតឬក៏អត់។

តាមរយៈនេះគឺជាការចាំបាច់ណាស់ដែលក្រសួងព័ត៌មានត្រូវសហការជាមួយភាគីពាក់ព័ន្ធប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឡើង។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា”ក្រសួងទើប​បាន​ដាក់​ចេញ​នូវវិធានការនៃសន្តិសុខព័ត៌មាន ជូនដល់ប្រជា​ពល​រដ្ឋខ្មែររបស់យើង។ដោយក្នុងនេះផ្តោតសំខាន់ទៅលើសិទ្ធ​ទទួលបានព័ត៌មាន របស់ប្រជាពលរដ្ឋ។ទី២គុណភាព​ព័ត៌មាន​​ដែលប្រជាពលរដ្ឋប្រើប្រាស់ និងទី៣គឺសុវត្តិភា​ពព័ត៌មាន”។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងបញ្ជាក់ថាព័ត៌មានក្លែងក្លាយ​បង្កប៉ះ​ពាល់ខ្លាំង បើទោះបីយើងមើលទៅហាក់ដូចជាមិនសូវ​សំខាន់ ប៉ុន្តែព័ត៌មានក្លែងក្លាយនេះបានកំពុងបំផ្លាញ​សង្គម​របស់​យើង បើសិនជាយើងមិនមានវិធានការទាន់ពេលវេលា​ក្នុងការទប់ស្កាត់ទេ។

ព័ត៌មានក្លែងក្លាយបានបំផ្លាញជំនឿទុកចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរ ចំពោះអ្នកពាក់ព័ន្ធ ក្រសួងស្ថាប័ននានា ។ព័ត៌មាន​ក្លែងក្លាយនឹងធ្វើឱ្យប្រជាពលរដ្ឋសម្រេចចិត្តខុស ដែលទាំងអស់នេះហើយ បានជះផលអាក្រក់ដល់សង្គម​របស់យើង។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់​បន្ថែម​ថា ការអប់រំផ្សព្វផ្សាយទៅដល់សាធារណៈជន​ឱ្យបាន​យល់​អំពី​អ្វីទៅដែលជាព័ត៌មានក្លែងក្លាយ ផលប៉ះពាល់នៃព័ត៌មាន​ក្លែងក្លាយ និងផ្តល់វិធានការការពារខ្លួន គឺជាកិច្ចការងារដែល​ក្រសួងនឹងធ្វើជាបន្តបន្ទាប់ ទៅមុខ។ក្រសួងក៏បានផ្តោត​សំ​ខាន់​ទៅ​លើកិច្ចសហការជាមួយអង្គភាពសារព័ត៌មាន និងកិច្ច​សហការជាមួយអន្តរជាតិ ក្នុងក្របខណ្ឌកាទូ​ត​ព័ត៌មាន ដែល​ក្រសួងព័ត៌មាននឹងធ្វើកិច្ចការនេះ​បន្តទៅ​ទៀត។

កន្លងមកក្រសួងបានសហការជាមួយបណ្តាប្រទេសអាស៊ាន បណ្តា​ប្រទេសក្នុងតំបន់ ដើម្បីចងជាបណ្តាញក្នុងការទប់​ស្កាត់ ក៏ដូចជាផ្តល់នូវព័ត៌មានពិតត្រឹមត្រូវ ដើម្បីកាប់បន្ថយ​នូវ​ព័ត៌មាន​ក្លែងក្លាយ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ​ក្នុងតំបន់បានទទួលព័ត៌មានពិតប្រាកដ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner