រុស្ស៊ីស្អំចិត្តអាមេរិក ក្រោយលោក Trump ខឹងលោក Putin ខ្លាំង

មូស្គូ ៖ រុស្ស៊ីបានចេញមកប្រកាសថា ទីក្រុងមូស្គូនៅតែធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ខឹងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ខ្លាំង ដែលព្យាយាមបង្អាក់បទឈប់បាញ់។

ការប៉ុនប៉ងសម្រួលស្ថានភាពឲ្យរលូនឡើងវិញនេះ បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានប្រាប់ទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យថា លោកខឹងខ្លាំងជាមួយលោក Putin ដែលបានវាយប្រហារលើភាពជឿជាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ហើយបានគំរាមដំឡើងពន្ធ ៥០% លើប្រទេសដែលទិញប្រេងពីរុស្ស៊ី ប្រសិនបើលោក Putin មិនយល់ព្រមទទួលយកបទឈប់បាញ់។

នៅក្នុងការឆ្លើយតបជាលើកដំបូង ចំពោះការរិះគន់របស់លោក Trump លើលោក Putin អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ជាដំបូង យើងបន្តធ្វើការជាមួយភាគីអាមេរិកលើការកសាងទំនាក់ទំនងរបស់ពួកយើង។ លោក Peskov បន្តថា មិនមានគម្រោងសម្រាប់ការហៅទូរស័ព្ទរវាងលោក Putin និងលោក Trump នៅសប្តាហ៍នេះទេ ប៉ុន្តែមេដឹកនាំរុស្ស៊ីនៅតែបើកចំហ ប្រសិនបើចាំបាច់។

ផ្អែកតាមសេចក្តីរាយការណ៍របស់ BBC មន្ត្រីអាមេរិក និង រុស្ស៊ីបានពិភាក្សាគ្នាអស់ជាច្រើនសប្តាហ៍ ដើម្បីព្យាយាមឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលក្នុងអំឡុងពេលនោះ លោក Trump តែងតែរិះគន់លោក Zelensky ប៉ុន្តែមិនមែនលោក Putin ទេ។

យ៉ាងណា ការខឹងសម្បារបស់លោក Trump លើលោក Putin បានផ្ទុះឡើងនៅពេលមេដឹកនាំរុស្ស៊ីរូបនេះកាលពីថ្ងៃសុក្រ បានលើកឡើងពីគំនិតបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅអ៊ុយក្រែន ក្រោមការគាំទ្រពីអង្គការសហប្រជាជាតិ ដែលអាចជំនួសតំណែងរបស់លោកប្រធានាធិបតី Zelensky៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner