រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយចាប់ផ្តើមចេញដំណើរជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ សម្រាប់រយៈពេល ១ឆ្នាំ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន។ យុទ្ធនាការនេះក៏ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ក្រុមការងារតាមដានព័ត៌មានរបស់គណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ ដឹកនាំដោយក្រសួងព័ត៌មាន បានកត់ត្រាឃើញថា មានព័ត៌មានក្លែងក្លាយដែលមានចរិតញុះញង់ បញ្ឆេះកំហឹង បង្កើតឱ្យមានការស្អប់ខ្ពើម វោហាសាស្ត្ររើសអើង និងបំផ្ទុះចលនាបង្កអសន្តិសុខ អស្ថិរភាព បំផ្លាញសន្តិភាព និងបង្កើតទំនាស់ជាមួយសរុបចំនួន ៣៦៥១ មានការកើនឡើងចំនួន ១៤% ប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣២០៨ ព័ត៌មានក្លែង ហើយយុវជនជាអ្នកដែលងាយរងគ្រោះជាងគេពីផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយនេះ។ រួមគ្នាកម្ចាត់ចោលព័ត៌មានក្លែងក្លាយពីសង្គមរបស់យើង!
ដោយ៖ពលជ័យ
រូបថតដោយ ឡុង ដេវីត











