អ្នកនាំពាក្យក្រសួងកសិកម្មចេញមកស្រាយបំភ្លឺជុំវិញបញ្ហាគ្រាប់ស្វាយចន្ទីកម្ពុជា
(ភ្នំពេញ)៖មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានចេញមក ស្រាយ បំភ្លឺជុំវិញបញ្ហាចេញផ្សាយដោយវិទ្យុមួយនៅ កម្ពុជា ទាក់ទិនទៅនឹងគ្រាប់ស្វាយចន្ទីដែលបានដកស្រង់ពាក្យសម្ដីរបស់ ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
ក្នុងសេចក្តីបំភ្លឺនេះ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់នាល្ងាចថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២៥ថា កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោនក្នុងមួយឆ្នាំនោះទេ។ ក្នុងឆ្នាំ២០២៤ យើងផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត ៩០ម៉ឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣ម៉ឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥ម៉ឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពីការមិនអាចផ្គត់ផ្គង់បរិមាណត្រឹមតែ ៣០០០តោនក្នុងមួយឆ្នាំ ដូចដែលប្រធានសមាគមន៍ចន្ទីកម្ពុជាលោក អួនស៊ីឡុត លើកឡើងទេ។
មន្រ្តីអ្នកនាំពាក្យរូបនេះបានធ្វើការពន្យល់ថា”សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីអាចនឹងត្រូវបានពង្រីកបានគ្រប់ពេល ប្រសិនបើមានកិច្ចសន្យាធានាទិញច្បាស់លាស់ ក្នុងតម្លៃខ្ពស់ពីទីផ្សារ និងមានផ្តល់ប្រាក់កក់មុន៥០ភាគរយ ដូចដែលបានអះអាងពិតមែន។ ព័ត៌មានបែបនេះគួរតែត្រូវបានចែករំលែកដល់អ្នកកែច្នៃទូទៅឱ្យបានទូលំទូលាយ មិនមែនលាក់បាំងមិនផ្សព្វផ្សាយ ហើយបែរជាលើកឡើងពីការខ្វះខាតការផ្គត់ផ្គង់ទៅវិញ។
ឆ្លើយតបជុំវិញបញ្ហានេះដែរ មន្រ្តីអ្មកនាំពាក្យក្រសួងកសិកម្មបានលើកឡើងថា”មិនមានទិន្នន័យផ្លូវការណាមួយបង្ហាញថា ទិន្នផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះមានការថយចុះដោយសារកត្តាអាកាសធាតុឡើយ។ ផ្ទុយទៅវិញ ការវាយតម្លៃបឋមបង្ហាញថា បរិមាណផលសរុបក្នុងឆ្នាំ២០២៥ អាចនឹងស្ថិតនៅកម្រិតដដែល ឬមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៤”។
ឯកឧត្តម ឃឹម ហ្វីណង់បានបញ្ជាក់ថាចំពោះបរិមាណនាំចេញជាក់ស្តែងទៅកាន់ទីផ្សារថ្មីនេះនៅមានកម្រិតតិចតួចបំផុត។ ទិន្នន័យផ្លូវការពីក្រសួងកសិកម្មបង្ហាញថា បរិមាណនាំចេញពិតប្រាកដរបស់ក្រុមហ៊ុននេះមានត្រឹមតែ ២២៦៨គីឡូក្រាម ឬជាង ២តោនប៉ុណ្ណោះ មិនមែន ២០០០តោន ដូចដែលបានផ្សព្វផ្សាយនោះទេ។ការប្រជែងគ្នាទិញគ្រាប់ស្វាយចន្ទីកម្ពុជាពីឈ្មួញអន្តរជាតិមិនបណ្តាលឱ្យទិន្នផលនៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះឡើយ។ ការលើកឡើងបែបនេះគឺជាកំហុសទាំងស្រុង និងស្តែងឱ្យឃើញពីការខ្វះខាតការយល់ដឹងឱ្យបានស៊ីជម្រៅពីកត្តាបច្ចេកទេសនិងទីផ្សារនៃដំណាំស្វាយចន្ទី។
ជាមួយការលើកឡើងបែបនេះមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មក៏បាន អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានពីប្រភពផ្លូវការ មុននឹងផលិត ព័ត៌មានសម្រាប់ផ្សព្វផ្សាយ ជាជាងពឹងផ្អែកតែនៅលើពាក្យសម្ដីរបស់បុគ្គលតែម្នាក់ ដែលលើកឡើងដោយគ្មានភស្តុតាងច្បាស់លាស់។ ការផ្សព្វផ្សាយដោយគ្មានការត្រួតពិនិត្យបែបនេះ អាចបង្កឱ្យមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនប្រជា កសិករ វិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិកម្ពុជា៕
ដោយ ៖ ម៉ាដេប៉ូ


