សម្ដេចតេជោ ហ៊ុន សែន បានទទួលជួប រជ្ជទាយាទ លុចសំបួ
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ ចូលជួបការសំដែងការគួរសម នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និង គណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខចំពោះមរណភាពបងប្រុសរបស់សម្ដេចនាពេលនេះ ដែលបង្ហាញអំពីសមានចិត្តដ៏ល្អរបស់ភាគីមិត្ត និងចំណងមិត្តភាព និងការយកចិត្តទុកដាក់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។
សម្ដេចមានការសោកស្ដាយ ចំពោះ ការលុបគម្រោងជំនួបរវាងរជ្ជទាយាទលុចសំបួ ជាមួយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ដោយសារ ពិធីបុណ្យសពរបស់បងប្រុសសម្ដេច។ សម្ដេច ក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សារបស់គណៈប្រតិភូលុចហ្សាំបួរ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាពិសេសការផ្ដល់ជំនួយដោះមីននៅកម្ពុជា។
នៅក្នុងឱកាសនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ លុចសំបួ បានមានព្រះរាជបន្ទូល ថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានទទួលស្វាគមន៍ព្រះអង្គ និង គណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ចំពោះមរណភាពរបស់បងប្រុសសម្ដេចនៅពេលនេះ ដែលបង្ហាញអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាទំនាក់ទំនង ជឿទុកចិត្តគ្នាទៅវិញទៅមក។ ព្រះអង្គក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូរបស់អង្គ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោបានមានប្រសាសន៍រំលឹកអំពីជំនួបរវាងសម្ដេច ជាមួយឯកឧត្តមអតីតនាយករដ្ឋមន្ត្រី លុចសំបួ Jean-Claude Juncker កាលពីឆ្នាំ២០០៦ ហើយធ្លាប់បានធ្វើការជាមួយគ្នាជាបន្តបន្ទាប់ នៅពេលដែលឯកឧត្តមនាយករដ្ឋមន្ត្រី មុនក្លាយទៅជាប្រធានគណៈកម្មការអឺរ៉ុប ។
សម្ដេចតេជោ បន្តទៀតថា ទោះបីជាប្រទេសយើងទាំងពីរ មានចម្ងាយឆ្ងាយពីគ្នាក៏ដោយ ហើយយើងមានកិច្ចការងារជាមួយគ្នាជាច្រើន ទាំងទ្វេភាគី និង ពហុភាគី ជាពិសេសក្នុងកិច្ចការអាស៊ាន និង ក្នុងក្របខ័ណ្ឌក្រុមគ្រួសារហ្វ្រង់កូហ្វូន។
នៅឆ្នាំ២០២៦ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្តេចសង្ឃឹមថា នឹងទទួលប្រតិភូជាន់ខ្ពស់លុចហ្សាំបួរនាពេលនោះ។ សម្ដេចបានរំលឹកពីបទពិសោធន៍របស់សម្ដេចក្នុងការធ្វើជានាយករដ្ឋមន្ត្រី រយៈពេល៣៨ឆ្នាំកន្លងមកហើយ និងបន្ថែមថា ពេលនេះ សម្ដេចបានលះបង់អំណាចទៅដល់អ្នកបន្តវេន ដែលជាអ្នកមានថាមវ័នយ៉ាងខ្លាំងក្លា។
សម្ដេចតេជោ បានរំលឹកថា បានជួប ឯកឧត្តម រដ្ឋមន្ត្រីការបរទេសលុចសំបួ ដែលពេលនោះជានាយករដ្ឋមន្ត្រី នៅទីក្រុងព្រុចសែលកាលពីឆ្នាំ២០២២ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងសហភាពអឺរ៉ុប និងបានលើកឡើងថា ទោះបីជាប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នា ក៏យើងប្រកាន់ជំហរដូចគ្នាលើកិច្ចការអន្តរជាតិមួយចំនួន ជាពិសេស ប្រទេសកម្ពុជា ជាប្រទេសតូច ហេតុនេះ ត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តគោលការណ៍ច្បាប់អន្តរជាតិ។
សម្តេចក៏បានលើកអំពីកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជា ការបណ្តុះបណ្តាលក្រុមអ្នកដោះមីនអ៊ុយក្រែន ដោយមានការសហការជាមួយជប៉ុន ការបញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅបណ្ដាប្រទេសមួយចំនួននៅក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។
សម្ដេចតេជោក៏បានចែករំលែកបទពិសោធន៍របស់សម្តេច ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា ជាពិសេស បទពិសោធន៍របស់សម្តេចជាអ្នកចរចាឱ្យមានបទឈប់បាញ់ និងបញ្ជាក់ថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ។
ក្នុងជំនួបនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីការបរទេស លុចសំបួ ដែលបានអមព្រះរាជដំណើរព្រះរជ្ជទាយាទ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសម្ដេចតេជោ នូវគោលជំហរលើបញ្ហាអ៊ុយក្រែន និងអរគុណចំពោះសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្ដមចូលជួបនៅទីក្រុងវៀងចន្ទ នាកិច្ចប្រជុំអាស៊ានកន្លងទៅនេះ និងដែលបានអនុញ្ញាតឱ្យមានការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា នាពេលនេះ ។
ឯកឧត្តម មានសេចក្តីរីករាយចំពោះការចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការ និងជំនួយរបស់ប្រទេសឯកឧត្តម ដល់ប្រទេសកម្ពុជា ជាពិសេស ជំនួយដល់ការដោះមីននៅកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា នឹងមានប្រតិភូកម្រិតខ្ពស់លុចហ្សាំបួរ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអំណរគុណចំពោះព្រះរជ្ជទាយាទ និងគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និង បានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសម្ដេចនាពេលនេះ ។
សម្តេចធីបតី បានបញ្ជាក់នូវក្តីរីករាយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទុកចិត្តគ្នារវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ៕
ដោយ ៖ វណ្ណលុក




