តំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ត្រូវបាន រៀបចំទទួលស្គាល់ជា​សហគមន៍​អេកូទេសចរណ៍ឆ្នុកទ្រូ ក្រោមក្របខណ្ឌបណ្ដាញ​អេកូទេសចរណ៍បឹងទន្លេសាប

(កំពង់ឆ្នំាង)៖ ផ្អែកតាមយុទ្ធសាស្ត្រ បច្ចកោណ របស់រាជរដ្ឋា​ភិបាល ក្រសួងទេសចរណ៍ បានជំរុញដំណើរការ​សកម្មភាព​ទេសចរណ៍ធម្មជាតិនៅទូទាំងប្រទេស ពិសេសនៅតាម​បណ្តា​ភូមិសាស្ត្រ ដែលមានសក្តានុពលផ្នែកទេសចរណ៍។

យុទ្ធសាស្ត្របង្កើតសហគមន៍ អេកូទេសចរណ៍នេះ ត្រូវបាន​យក​ចិត្តទុកដាក់តាំងពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី និងបានបន្តមករាជរដ្ឋាភិបាល​ថ្មី ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានា​យករដ្ឋមន្ត្រី បានជំរុញបន្ថែម ក្នុងការពង្រីកនិងកែលម្អ ទៅ​លើ​វិស័យទេសចរណ៍ និង ទីរមណីយដ្ឋាននានា​ដែល​មាន​ស្រាប់ ក្នុងភូមិសាស្ត្រដែលមានសក្តានុពល​ទេសចរណ៍​។ ជាក់ស្តែង ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌នេះ គឺមានសក្តា​នុ​ពល​ផ្នែកទេសចរណ៍យ៉ាងច្រើន ដូចជាវត្តអារាម ព្រៃ​លិចទឹក ចំការ និងធនធានធម្មជាតិ ដែលជាផ្នែកមួយ ដ៍ទាក់ទាញលើ​វិស័យទេសចរណ៍ ទើបក្រសួងទេសចរណ៍ យកចិត្តទុកដាក់​ជំរុញបង្កើត ឱ្យមានវិស័យទេសចរណ៍ ក្នុងភូមិសាស្រតំបន់​ឆ្នុកទ្រូ ក្នុងពេលនេះ ក្រោមកិច្ចសហការ រវាងក្រសួងទេសច​រណ៍ មន្ទីរទេសចរណ៍ អាជ្ញាធរភូមិ-ឃុំ ដោយមានការគាំទ្រពី​អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) ។

នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរ​ជាតិ នៅក្នុងកិច្ចប្រជុំរៀបចំនិងទទួលស្គាល់សហគមន៍ អេកូ​ទេសចរណ៍តំបន់ឆ្នូកទ្រូ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្ត​កំពង់​ឆ្នាំង ក្របខណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។

អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក នូ ផល្គុន មានប្រសាសន៍ថា ថ្មីៗនេះ មន្ទីរបានប្រជុំផ្សព្វផ្សាយ ស្ដីពីការ​បង្កើត​សហគមន៍អេកូទេសចរណ៍នៅក្នុងតំបន់ឆ្នុកទ្រូនេះ ជាមួយភូមិ-ឃុំ នឹងត្រៀមផ្សព្វផ្សាយបន្ថែមទៀត ស្តីពីចំនួន​សមាសភាពអនុកម្មការចំនួន ៦ មានដូចជា ផ្នែកដឹកជញ្ជូន,​ផ្នែក​មគ្គុ​ទេស ផ្នែកផលិតកែច្នៃវត្ថុអនុស្សាវរីយ៍ ផ្នែកចុងភៅ ផ្នែកល្បាត ផ្នែកផ្ទះស្នាក់នៅនិងផ្នែកសន្តិសុខ ដើម្បីឱ្យ​សហគមន៍ដំណើរការទៅបានល្អ។

លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាព​ដើម្បី​អភិរក្សធនធានជលផល មានប្រសាសន៍ថា៖ អង្គការ របស់លោកបានចុះជួយឃុំឆ្នុកទ្រូតាំងពីឆ្នាំ២០០៩ លោក​សង្ឃឹមថា ៖ ការបង្កើតសហគមន៍អេកូទេ សចរណ៍ឆ្នុកទ្រូ ក្របខ័ណ្ឌបណ្ដាញអេកូទេស ចរណ៍បឹងទន្លេសាប នឹង​ដំ​ណើរការ បានយ៉ាងរលូន និងទទួលជោគជ័យ លើវិស័យ​មួយនេះ។

ដោយឡែក មេឃុំឆ្នុកទ្រូ លោក សាំង គឹមស៊ន ជំនួសមុខឱ្យ​ប្រ​ជាពលរដ្ឋ ក្នុងឃុំឆ្នុកទ្រូ ទាំងអស់ សូមថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល៦ រដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍ និងអង្កការជាដៃគូ ដែលបានជំរុញបង្កើតតំបន់ឆ្នូកទ្រូ ឱ្យក្លាយជាតំបន់ទេសចរណ៍ ក្នុងក្របខណ្ឌបណ្ដាញអេកូ​ទេសចរណ៍បឹងទន្លេសាប ដែលជាផ្នែកមួយយ៉ាងសំខាន់​ក្នុង​ការជួយបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់នេះផងដែរ៕

សុខ គឹមសៀន

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner