ផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់ មនុស្សជាច្រើនរត់ភៀសខ្លួនទៅកាន់ទីសុវត្ថិភាព

រ៉ៃក្បាវិក ៖ អាជ្ញាធរនិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ នៅថ្ងៃអង្គារ ដោយបង្កការគំរាមកំហែងភ្លាមៗដល់ទីក្រុងនេសាទតូចមួយនៅក្បែរនោះ ប៉ុន្តែជាសំណាងល្អ មិនមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ដ្បិតប្រជាជនត្រូវបានជម្លៀសចេញទាន់ពេល។

ការិយាល័យឧតុនិយមអ៊ីស្លង់ ហៅកាត់ (IMO) និយាយថា កម្អែភ្នំភ្នើងបានចាប់ផ្តើមហៀរចេញពីជួរភ្នំភ្លើង សាន់ណូកជីហ្គា ភាគខាងជើងនៃទីក្រុងនេសាទ ហ្គ្រីនដាវីគ ដែលស្ថិតនៅលើឧបទ្វីប រ៉ៃក្យាណេស។ ប្រជាជនប្រមាណ ៤.០០០ នាក់ដែលរស់នៅទីក្រុងនេះ ត្រូវបានអាជ្ញាធរជម្លៀសចេញ បន្ទាប់ពីបានទទួលសញ្ញាអាសន្នពីអ្នកជំនាញភ្នំភ្លើង។

ការិយាល័យ IMO បានឱ្យដឹងទៀតថា ស្នាមដីប្រេះដែលកើតចេញជាផ្កាភ្លើងបានលាតសន្ធឹងប្រហែល ៧០០ ម៉ែត្រ ហើយបន្តកើនឡើងដល់ ១.២០០ ម៉ែត្រ។ រូបភាពភ្នំភ្លើងផ្ទុះត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ បង្ហាញឲ្យឃើញកំអែលម៉ាក់ម៉ាពណ៌លឿងក្រហមច្រាលផ្ទុះផុសកញ្ជោលឡើងលើអាកាស។

ជាវិធានការការពារ អាជ្ញាធរអ៊ីស្លង់បានសាងសង់របាំងដី និងថ្ម ដើម្បីរារាំងកម្អែភ្នំភ្លើងមិនឱ្យទៅដល់ទីក្រុង ហ្គ្រីនដាវីគ ដែលស្ថិតចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានី រ៉ៃក្យាវិក និងការពារការខូចខាតបន្ថែមទៀត អាជ្ញាធរបានសាងសង់របាំងដើម្បីបង្វែរលំហូរកម្អែភ្នំភ្លើងឱ្យឆ្ងាយពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងរោងចក្រថាមពលកម្ដៅ ស្វាតសេងជី កន្លែងងូតទឹក ប៊្លូ ឡាហ្គូន។

ការផ្ទុះភ្នំភ្លើងនេះ គឺជាលើកឡើងទី ៨ ហើយចាប់តាំងពីចុងឆ្នាំ ២០២៣ នៅលើឧបទ្វីប រ៉ៃក្យាណេស ដែលជាជម្រករបស់ប្រជាជនប្រហែល ៣០.០០០ នាក់ បន្ទាប់ពីប្រព័ន្ធភូគព្ភសាស្ត្រដែលនៅស្ងៀមអស់រយៈពេល ៨០០ឆ្នាំបានសកម្មឡើងវិញ។

ប្រទេសអ៊ីស្លង់ស្ថិតនៅចន្លោះផ្លាកធំជាងគេពីរនៅលើផែនដី គឺផ្លាកអឺអាស៊ី និងអាមេរិកខាងជើង ហើយជាកន្លែងដែលកើតឡើងគ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារតែផ្លាកទាំងពីរផ្លាស់ទីក្នុងទិសដៅផ្ទុយគ្នា។ អ៊ីស្លង់ក៏ជាផ្ទះនៃប្រព័ន្ធភ្នំភ្លើងសកម្មចំនួន ៣៣ ច្រើនជាងប្រទេសអឺរ៉ុបដទៃទៀតផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner