គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធ ការពារព្រំដែនទឹក រួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព
(ខេត្តស្ទឹងត្រែង)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លើកទឹកចិត្ត កងកម្លាំងការពារព្រំដែនជួរមុខ នៃកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលកំពុងឈរជើងការពារព្រំដែនទឹក នៅលើគោលដៅក្បាលកោះបន្ទាយ, ក្បាលកោះឈើទាលធំ, ក្បាលកោះល្ង, អន្លង់ផ្សោត (បង្គោលលេខ០៣០) និងបង្គោលលេខ០២៩ (ខ្សែព្រំដែនទឹកជាប់ខេត្តព្រះវិហារ) ខិតខំសហការណ៍រួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានលើកឡើងបែបនេះ ខណៈអញ្ជើញជួបសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ (ព្រំដែនទឹក) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ ។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានលើកទឹកចិត្តដល់សមត្ថកិច្ចគ្រប់គ្រងព្រំដែន ជាពិសេសកម្លាំងកងទ័ព និងនរគបាល ត្រូវសហការរួមគ្នា ដើម្បីគ្រប់គ្រងព្រំដែនលើការទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព និងបង្កើនកិច្ចសហប្រតិបត្តិការណ៍ ជាមួយសមត្ថកិច្ច នៃប្រទេសជិតខាង ការចែករំលែកព័ត៌មាន និងការអនុវត្តច្បាប់ ដើម្បីប្រែក្លាយព្រំដែន ជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ៕





ដោយ ៖ ឡុង សំបូរ