ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ៖ ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥
(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា បានជូនដំណឹងដល់ មិត្តជប៉ុន និងប្រជាជនជប៉ុន ព្រមទាំងបងប្អូនសហគមន៍ខ្មែរ ប្រជាជនខ្មែរនៅប្រទេសជប៉ុន និងភ្ញៀវអន្តរជាតិ ចូលរួមទស្សនាពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ ពិភពលោក ២០២៥ អូសាកា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដែលជាពន្លាជាតិមួយ នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ដ៏ល្អបំផុត និងដំណើរទស្សនាដ៏អស្ចារ្យ តាមរយៈបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ភាពធន់ និងក្តីប្រាថ្នាសម្រាប់អនាគត របស់ប្រទេសជាតិ ។
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា ធ្វើឡើងក្រោមប្រធានបទ “សង្គ្រោះជីវិត” ពន្លាជាតិនេះ នឹងបង្ហាញពីបទពិសោធន៍ដ៏អស្ចារ្យ ដែលរួមបញ្ចូលគ្នានូវភាពរុងរឿងពីបុរាណកាល ជាមួយនឹងមហិច្ឆតាក្នុងសម័យទំនើប របស់ប្រទេសកម្ពុជា ។
ដោយត្រូវបានបណ្តុះគំនិតដោយភាពអស្ចារ្យនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត និងប្រាសាទកោះកេរិ៍ ពន្លាជាតិនេះ នឹងនាំភ្ញៀវទេសចរទៅក្នុងដំណើរដ៏គួរឱ្យទាក់ទាញអារម្មណ៍តាមរយៈអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ព្រះរាជាណាចក្រអច្ឆិរយៈ។ ពីអច្ឆរិយៈប្រវត្តិសាស្ត្រដ៏គួរឱ្យភ្ញាក់ផ្អើល ទៅកាន់សេចក្តីប្រាថ្នាក្នុងសម័យទំនើប ពន្លាជាតិកម្ពុជា គឺរៀបចំដើម្បីគោរពដឹងគុណចំពោះភាពរឹងមាំ វិស្វកម្មភាព និងសក្តានុពលគ្មានព្រំដែនរបស់ប្រជាជនយើង ។
ប្រធានបទ “សង្គ្រោះជីវិត” ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រទេសកម្ពុជាចំពោះនិរន្តរភាព ការអភិរក្សវប្បធម៌ និងអនាគតដ៏ភ្លឺស្វាងសម្រាប់ទាំងអស់គ្នា។ ចំណុចលេចធ្លោរបស់ពន្លាជាតិ គឺការតាំងពិព័រណ៍វាលស្រែពណ៌មាស អបអរសាទរប្រពៃណីធ្វើស្រែរបស់ខ្មែរយើង ។ មិនត្រឹមតែជាអាហារចម្បងដ៏សំខាន់បំផុតប៉ុណ្ណោះទេ អង្ករ គឺជាប្រភពនៃវប្បធម៌ សេដ្ឋកិច្ច និងរបៀបរស់នៅរបស់កម្ពុជា ។ តាមរយៈការចែករំលែកធនធានធម្មជាតិដ៏សម្បូរបែប និងទំនៀមទម្លាប់ដ៏សម្បូរបែប ប្រទេសកម្ពុជា ព្យាយាមជំរុញឱ្យមានការកោតសរសើរជាសាកល អំពីរឿងរ៉ាវដ៏អស្ចារ្យរបស់វា ទាំងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ។
ជាងនេះទៅទៀត ប្រទេសរបស់យើង ជាផ្ទះដែលមានកសិផលល្បីឈ្មោះលើពិភពលោករួមមាន អង្ករល្អ គ្រាប់ស្វាយចន្ទី ម្រេចកំពត និងសូត្រ។ គោលនយោបាយងាយស្រួលសម្រាប់អាជីវកម្ម ការលើកទឹកចិត្តក្នុងការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជំរុញបរិយាកាសថាមវន្តសម្រាប់អ្នកវិនិយោគិន និងសហគ្រិន។
នៅក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កម្ពុជា ទន្ទឹងរង់ចាំស្វាគមន៍លោកអ្នក និងពិភពលោក ដើម្បីស្វែងយល់ពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ពាណិជ្ជកម្ម វិនិយោគ និងបេតិកភណ្ឌវប្បធម៌ ខណៈពេលដែលកម្ពុជាកំពុងពង្រឹងនូវទំនាក់ទំនងសេដ្ឋកិច្ច និងការទូតសកល ៕
ដោយ / គ្រី សម្បត្តិ