អ្នកសារព័ត៌មានជាង ១០០នាក់ ចូលរួមសិក្ខាសាលាផ្សព្វ​ផ្សា​យ​ពីព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០២៥ ក្រោមប្រធាន​បទ​ញញឹមសាទរសង្រ្កានឆ្នាំថ្មី

(សៀមរាប)៖ អ្នកសារព័ត៌មាន វិទ្យុ ទូរទស្សន៍ គេហទំព័រក្នុង​ស្រុក និង សហព័ន្ធ ស.ស.យ. ក ជាង ១០០នាក់ បាន​អញ្ជើ​ញ​ចូលរួមសិក្ខាសាលាផ្សព្វផ្សាយពីព្រឹត្តិការណ៍សង្រ្កាន្ត​ឆ្នាំ២០២៥ ក្រោមប្រធានបទ ញញឹមសាទរសង្រ្កានឆ្នាំថ្មី ដែលបានប្រារព្ធធ្វើឡើងនៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី​០២ ខែមេសាឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញឲ្យអ្នក​សារព័ត៌មាន ក្នុងស្រុក និងក្រៅស្រុក ចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍អង្គរសង្រ្គានឆ្នាំនេះ ឲ្យផុសផុល នូវព្រឹត្តការណ៍​ធំមួយ​នៅក្នុងទឹកដីមហានគរ នៃខេត្តសៀមរាប ។

ឯកឧត្តម សោម រតនា ប្រធានក្រុមការងារសាធារណៈ​ព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០២៥ មានប្រសាសន៍ថា កម្ពុជារៀបចំពិធីបុណ្យអង្គរសង្រ្កាន គឺជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏ធំនៃប្រទេសកម្ពុជា ដែលរៀបចំឡើងប្រចាំ​ឆ្នាំនៅខែមេសា ក្នុងខេត្តសៀមរាប ។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសដ៏ពិសេសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរ បានស្វែងយល់អំពីវប្បធម៌ប្រពៃណីខ្មែរ ក្នុងគោល​បំ​ណង​ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក៏ដូចជាការលើកកម្ពស់ភាពអស្ចារ្យ​នៃអរិយធម៌ខ្មែរ ផងដែរ ។

លោក ង៉ូវ សេងកាក់ អភិបាលរង ខេត្តសៀមរាប មានប្រសា​ស​ន៍​ថា យើងទាំងអស់គ្នាជាម្ចាស់ផ្ទះ ម្ចាស់មូលដ្ឋាន គឺត្រូវ​ដើរ​តួនាទីសំខាន់ ក្នុងការធ្វើជាអ្នកផ្សព្វផ្សាយ និងមានការ​បង្ហាញពីប្រវត្តិនៃបុណ្យអង្គរសង្រ្កាន បង្ហាញសិល្បៈវប្បធម៌ និងប្រពៃណីខ្មែរ និងការប្រកួតល្បែងប្រជាប្រិយ និងល្បែង​បុរាណខ្មែរ ការប្រគុំតន្ត្រីបុរាណ និងទំនើបការដង្ហែ​សំពត់​បុណ្យបុរាណ និងការតាំងពិព័រណ៍សិល្បៈខ្មែរ ជាដើម ។

ឯកឧត្តម.សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ នៃ ព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០២៥បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន ត្រូវបានរៀបចំឡើង ដោយ ស.ស.យ.ក សហការរវាងរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ស្ថាប័នវប្បធម៌ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាធ្វើឲ្យព្រឹត្តិការណ៍ ដ៏សែនអស្ចារ្យនៃទឹកដី​មហានគរដ៏រុងរឿងមួយនេះ មានគេរ្ត៍ឈ្មោះបោះសំលេង​ទៅទូទាំងពិភពលោក ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner